ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ក្រសួងការងារតម្រូវអោយម្ចាស់រោងចក្រ-សហគ្រាស រៀបចំបើកប្រាក់អតីតភាពដល់កម្មករនិយោជិតឡើងវិញ

២២ មករា ២០២១ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវរៀបចំបើកប្រាក់អតីតភាពឡើងវិញ បន្ទាប់ពីអាក់ខានដោយសារវិបត្តិកូវីដ-១៩ នាពេលកន្លងមក។

 


សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ដែលមានកិច្ចសន្យាការងារ មានថេរៈវេលាមិនកំណត់ ត្រូវធ្វើយ៉ាងណារៀបចំបើកប្រាក់អតីតភាពការងារដែលមានក្នុងឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារឆ្នាំ២០២០ និងឆ្នាំ២០២១ឡើងវិញ។

 


យោងតាមក្រសួងការងារ ប្រសិនបើមានប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដែលត្រូវបើកក្នុងឆ្នាំ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី១ និងត្រីមាសទី៣ឆ្នាំ២០២១។ ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ ដែលត្រូវបើកក្នុងឆ្នាំ២០២១ ត្រូវលើកទៅបើកនៅក្នុងត្រីមាសទី២ និងត្រីមាសទី៤។


ដោយឡែកចំពោះការបើកប្រាក់បំណាច់ប្រាក់អតីតភាពការងារក្នុងឆ្នាំ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី១ និងក្នុងត្រីមាសទី៣។ ហើយប្រាក់បំណាច់ប្រាក់អតីតភាពការងារឆ្នាំ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី២ និងត្រីមាសទី៤វិញ។

 


បើតាមក្រសួងការងារ កម្មករនយោជិត និងនយោជក ក៏អាចចរចារកំណត់នីតិវិធី និងកាលបរិច្ឆេទជាក់លាក់ នៃការទូទាត់ប្រាក់បំណាច់អតីតភាពការងារខាងលើ ស្របតាមស្ថានភាពរោងចក្រសហគ្រាស និងអាជីវកម្មរបស់ខ្លួន។ ក្រសួងការងារបានអំពាវនាវដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនយោជិត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតម្កល់ផលប្រយោជន៍រួមជាធំ ដោយត្រូវពិភាក្សាគ្នារកដំណោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

 


សូមបញ្ជាក់ថា តាំងពីឆ្នាំ២០១៩មក ការផ្ដល់ប្រាក់បំណាច់អតីតភាពការងារ ត្រូវធ្វើឡើង២ដងក្នុងមួយឆ្នាំ គឺចំនួន១៥ថ្ងៃនៅក្នុងខែមិថុនានៃឆ្នាំនីមួយៗ និង១៥ថ្ងៃទៀត ធ្វើឡើងនៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ។ ទោះបីជាយ៉ាងណា នាឆ្នាំ២០២០កន្លងមកក្រសួងការងារមិនតម្រូវអោយមានការផ្ដល់ប្រាក់អតីតភាពការងារនោះទេ ដោយហេតុផលជួយសម្រួលដល់នយោជក ខណៈវិបត្តិកូវីដ-១៩៕

 

អត្ថបទ៖ សំ ជំនាញ រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024