ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសោភ័ណភាព និងរៀបចំលំហូរចរាចរណ៍ នៅសួនច្បារមុខក្រសួងការពារជាតិឡើងវិញ

២២ មករា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព និងរៀបចំលំហូរចរាចរណ៍អោយមានសភាពល្អប្រសើរជាងមុន។ តាមគម្រោងកែលម្អសួនច្បារនេះ អាជ្ញាធរក៏គ្រោងកាត់ផ្ទៃសួនចាស់ចេញ រហូតដល់ប្រវែង ៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលក្រសួងការពារជាតិផងដែរ។ 

 


គម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិ ធ្វើឡើងក្នុងគោលដៅកែសុម្រួលសោភ័ណភាព និងរៀបចំលំហូរចរាចរណ៍លើផ្លូវសហព័ន្ធរុស្ស៉ីអោយមានភាពបន្ស៊ីគ្នាជាមួយនឹងផ្លូវច្រកចូលក្រសួងការពារជាតិ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមករានេះ។

 


នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគាំទ្រទំាងស្រុងចំពោះគម្រោងកែលម្អសួនច្បារនេះ ហើយក៏បានណែនាំឱ្យមន្រ្តីជំនាញសាលារាជធានីភ្នំពេញ និងក្រសួងការពារជាតិ ត្រូវសិក្សាគម្រោងកែលម្អសួនច្បារនេះឱ្យបានច្បាស់លាស់ ហើយមានភាពស៊ីគ្នារវាងសួនច្បារចាស់នឹងសួនច្បារថ្មី ដើម្បីឱ្យតំបន់នេះបានស្រស់ស្អាត ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើរបងថ្មយ៉ាងស្រស់ស្អាតពីមុខទីស្តីការគណៈរដ្ឋមន្រ្តី ការកែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធចរាចរណ៍ផងដែរ។  

 


គួរបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ ហើយសួនថ្មីនេះនឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន។

 


គម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងស្ថាបនារួចរាល់ព្រមៗគ្នា ជាមួយនឹងការស្ថាបនាអគារទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងអំឡុងខែ មិថុនាឆ្នាំ២០២១ខាងមុខនេះ៕

 

អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024