ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អំឡុងពេលជួបវិបត្តិកូវីដ១៩ ការប្រើប្រាស់ថាមពលរបស់ថៃ ធ្លាក់ចុះ ៥,៨% ក្នុងឆ្នាំ ២០២០

២២ មករា ២០២១ | សេដ្ឋកិច្ច

អំឡុងពេលនៃវិបត្តិកូវីដ១៩ កាលពីឆ្នាំ ២០២០ ការប្រើប្រាស់ថាមពលគ្រប់ប្រភេទ នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ៥,៨% ដោយសារតែវិធានការរឹតបន្តឹង ចាក់សោរប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ហើយតម្រូវការប្រើប្រាស់ថាមពលនេះ ត្រូវបានរាជរដ្ឋាភិបាលថៃ ព្យាករណ៍ថា នឹងបន្តធ្លាក់ចុះ ១,៩%ទៀត នៅក្នុងឆ្នាំ ២០២១នេះ។

 

នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។


បើតាមការិយាល័យគោលនយោបាយ និងផែនការថាមពលថៃ បានគូសបញ្ជាក់ថា ការប្រើប្រាស់ប្រេង ហ្គាស និងអគ្គិសនី សុទ្ធតែមានការធា្លក់ចុះទាំងអស់ កាលពីឆ្នាំ ២០២០ ដូចជា ការប្រើប្រាស់ប្រេងឥន្ធនៈ ធ្លាក់ចុះ ១១% ឧស្ម័នធម្មជាតិធ្លាក់ចុះ ៨% និងប្រេងសម្រាប់យន្តហោះធ្លាក់ចុះ ៦១%។


លោក វឌ្ឍនា ពុង ប្រធានការិយាល័យគោលនយោបាយ និងផែនការថាមពលថៃ បានលើកឡើងថា ការប្រើប្រាស់អគ្គិសនី ក៏បានធ្លាក់ចុះ ៣% ដោយសារតែ ការធ្លាក់ចុះនូវតម្រូវការប្រើប្រាស់ នៅក្នុងវិស័យទេសចរណ៍ សណ្ឋាគារ ផ្សារទំនើប និងភោជនីយដ្ឋាន។


ទោះយ៉ាងណា ការប្រើប្រាស់ថាមពល មានការធ្លាក់ចុះយ៉ាងដូច្នេះ បានធ្វើឲ្យការបំភាយកាបូនក្នុងបរិយាកាសធ្លាក់ចុះ ១១% ឬប្រមាណ ២២២លានតោន។

 


ដោយឡែក សម្រាប់ការប្រើប្រាស់ថាមពលក្នុងឆ្នាំ ២០២១នេះវិញ រាជរដ្ឋាភិបាលថៃ រំពឹងថា នឹងមានការធា្លក់ចុះចន្លោះពី ០.២% ដល់ ១,៩% អាស្រ័យទៅលើការផ្ទុះឡើងវិញនូវ មេរោគរាតត្បាតកូវីដ១៩។

 


បើសិនជាករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ផ្ទុះឡើងតែម្តង ការប្រើប្រាស់ថាមពលអាចនឹងធ្លាក់ចុះ ០.២% តែបើមានករណីផ្ទុះឡើងជាបន្តបន្ទាប់ ការប្រើប្រាស់ថាមពល អាចនឹងបន្តធ្លាក់ចុះដល់ទៅ ១,៩%។

 


សូមជម្រាបដែរថា ការប្រើប្រាស់ថាមពលកកើតឡើងវិញ គឺរំពឹងថានឹងមានកំណើន ៥% ក្នុងឆ្នាំ ២០២១ ដោយសារតែ គោលនយោបាយជាតិ គាំទ្រដល់គម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ៕
 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024