ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

បច្ចេកទេសដាំម្រេចដោយប្រើជន្លង់ឈើរស់ ជាជម្រើសថ្មីឈានទៅកាត់បន្ថយការកាប់ឈើពីព្រៃធម្មជាតិ

២១ មករា ២០២១ | ព័ត៌មានជាតិ

បច្ចេកទេសដាំម្រេចដោយប្រើជន្លង់ដើមរស់ ជាបច្ចេកទេសថ្មីមួយកំពុងអនុវត្តនៅចំការម្រេចរបស់កសិករ ៧០គ្រួសារ ក្នុងខេត្តមណ្ឌលគិរី។ ការដាំម្រេចដោយប្រើជន្លង់ឈើរស់ ជាជម្រើសថ្មីមួយឈានទៅកាត់បន្ថយការប្រើប្រាស់ឈើពីក្នុងព្រៃធម្មជាតិ។ មិនតែប៉ុណ្ណោះ ជន្លង់ម្រេចឈើរស់នេះ អាចប្រើបានរហូតដល់ ៣០ ទៅ៥០ឆ្នាំឯណោះ ខុសពីជន្លង់ឈើងាប់ដែលអាចប្រើបានត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ។

 


នេះជាការលើកឡើងរបស់លោក ឆាយ ឈុនអេង កសិករដាំម្រេចដោយប្រើជន្លង់ឈើរស់ នៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ លោកបានសម្រេចចិត្តដាំម្រេចដោយប្រើជន្លង់ឈើរស់ក្នុងទំហំដី ១ហិកតា ដោយមានការជួយជ្រោមជ្រែងបច្ចេកទេសពីអង្គការ WWF។

 


នាយកអង្គការ WWF លោក សេង ទៀក បានឲ្យដឹងថា ការអនុវត្តកម្មវិធីដាំម្រេចដោយប្រើជន្លង់ឈើរស់ក្នុងខេត្តមណ្ឌលគិរីនេះ មានចំនួន ៧០គ្រួសារ ត្រឹមឆ្នាំ២០២០ ហើយគម្រោងនឹងពង្រីកបន្ថែម ចំនួន ៦០គ្រួសារទៀតក្នុងឆ្នាំ២០២១នេះ ចំពោះគ្រួសារណាដែលគាត់ចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាថ្មីនេះ ដើម្បីជួយដល់ការងារអភិរក្សព្រៃឈើ។

 


លោកបានបញ្ជាក់ថា ចម្ការម្រេចជាផ្នែកមួយនៃការធ្វើឱ្យបាត់បង់ព្រៃរបោះ។ តាមការសិក្សា ចម្ការម្រេច១ហិកតាត្រូវការជន្លង់ប្រហែល ១៧០០ដើម បើធៀបនឹងព្រៃដែលត្រូវយកមកធ្វើចម្ការម្រេចប្រហែលអស់ព្រៃ ៧ហិកតាពីព្រៃរបោះ។ តាមការឲ្យដឹងពីមន្ត្រីជំនាញរបស់អង្គការ WWF ការដាំម្រេចដោយប្រើជន្លង់ឈើរស់អាចប្រើបានរហូតដល់ ៣០ ទៅ៥០ឆ្នាំឯណោះ ខុសពីជន្លង់ឈើងាប់ដែលអាចប្រើបានត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ រួចត្រូវប្តូរជន្លង់ឈើថ្មី។

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តដល់ម្ចាស់ចំការម្រេចទាំងអស់ងាកមកដាំដើមច្រេសធ្វើជាជន្លង់ម្រេច។ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឲ្យអង្គការ WWF ពង្រីកបន្ថែមទៀតទៅតាមបណ្តាខេត្តមួយចំនួន ដោយចាប់ផ្តើមពីខេត្តមណ្ឌលគិរី ទៅខេត្តត្បួងឃ្មុំ ក្រចេះ រតនគិរី កំពត និងនៅកែប ដែលនេះជាដើម្បីឈានទៅកាត់បន្ថយការប្រើប្រាស់ឈើពីក្នុងព្រៃធម្មជាតិ៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024