ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ភាពយន្តអំពីការតស៊ូប្រយុទ្ធនឹងជំងឺកូវីដ១៩នៅអ៊ូហាន នឹងចេញបញ្ចាំងចុងសប្ដាហ៍នេះ

២០ មករា ២០២១ | កម្សាន្ដ

ភាពយន្តឯកសារចិនមានចំណងជើងថា “ច្រើនថ្ងៃច្រើនយប់នៅក្រុងអ៊ូហាន” ឬ "Days and Nights in Wuhan" ដែលបង្ហាញពីការប្រយុទ្ធតស៊ូរបស់ប្រជាពលរដ្ឋអ៊ូហានចំពោះជំងឺកូវីដ១៩ បានគ្រោងចាក់បញ្ចាំងតាមរោងភាពយន្តប្រទេសចិននាចុងសប្ដាហ៍នេះ។

 

 



រយៈពេលមួយឆ្នាំ ក្រោយទីក្រុងមួយដែលមានប្រជាជន ១១ លាននាក់ត្រូវបានបិទចាក់សោរយ៉ាងតឹងរ៉ឹង ដោយសារការផ្ទុះវីរុសកូរ៉ូណា ខ្សែភាពយន្តឯកសារប្រមូលគ្រប់រឿងរ៉ាវ ទាំងភាពសោកសៅ និងភាពរីករាយពីក្រោយការប្រយុទ្ធនឹងជំងឺឆ្លងកាចសាហាវនេះ ក៏ត្រូវបានចាក់បញ្ចាំង។

 

 

ភាពយន្តមានចំណងជើងថា “ច្រើនថ្ងៃច្រើនយប់នៅក្រុងអ៊ូហាន” មិនត្រឹមតែបង្ហាញពីវីរភាពរបស់គ្រូពេទ្យ និងអ្នកធ្វើការជួរមុខប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្ហាញពីចំណងដ៏រឹងមាំក្នុងចំណោមសមាជិកគ្រួសារជាច្រើនដែរ។

 


ខ្សែភាពយន្តនេះនឹងឆ្លុះបញ្ចាំងពីការតស៊ូរបស់ប្រជាជនគ្រប់រូបចាប់ពីអ្នកជំងឺ បុគ្គលិកពេទ្យរហូតដល់អ្នកស្ម័គ្រចិត្ត និងអ្នកធ្វើការនៅតាមសហគមន៍ ក្នុងខណៈពេលដែលវីរុសឆ្លង កំពុងយាយីទីក្រុងអ៊ូហាន ដែលជាចំណុចកណ្តាលនៃការរាលដាលជំងឺកូវីដ១៩។

 

 

 

អ្នកដឹកនាំរឿង ឆាវ ជីងលីង (Cao Jinling) បាននិយាយថា លោកចង់កត់ត្រាទុកនូវការប្រយុទ្ធ នឹងការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការផលិតភាពយន្ត ហើយលោកសង្ឃឹមថាសកម្មភាពលំអិតមួយចំនួនដូចជាការយកចិត្តទុកដាក់ខ្លាំង ការទន្ទឹងរង់ចាំដោយអន្ទះសា ការលាគ្នា និងក្ដីសង្ឃឹមឡើងវិញ នឹងអាចធ្វើឲ្យទស្សនិកជនមានអារម្មណ៍រំភើប ក្ដុកក្ដួលជាមួយពេលទស្សនា។

 


គួរបញ្ជាក់ថា ភាពយន្តនេះបានប្រមូលផ្ដុំនូវវីដេអូព្រឹត្តិការណ៍ពិតដែលថតផ្ទាល់ដោយប្រជាជនជាង ៣០នាក់ កំឡុងពេលវីរុសកូវីដ១៩ផ្ទុះខ្លាំងនៅទីក្រុងអ៊ូហានចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២០។

 

 

ក្រុមហ៊ុន China Media Group គ្រោងនឹងសហការជាមួយក្រុមហ៊ុនកម្សាន្តក្នុងស្រុកផ្សេងទៀតដើម្បីរៀបចំកម្មវិធីបញ្ចាំងសប្បុរសធម៌សម្រាប់ភាពយន្តនេះចំនួន ៣៥០ លើក នៅក្នុងទីក្រុងចំនួន ៧០ ទូទាំងប្រទេស ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024