ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើពេល ១ខែ ដើម្បីកាត់​មែកឈើ ដែល​មានសភាព​ចាស់ទ្រុឌទ្រោម នៅលើវិថី​ព្រះអង្គឌួង និងវិថីក្រមួនស​

១៩ មករា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើរយៈពេល ១ខែ ដើម្បីកាត់​លះមែកឈើតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស ដែលមានអាយុកាលច្រើនឆ្នាំ និងមានសភាពចាស់ទ្រុឌទ្រោម។ ដើម្បី​ឲ្យការងារកាត់លំមែកឈើនេះ ប្រព្រឹត្តទៅ​ដោយរលូន អាជ្ញាធរស្នើដល់​ពលរដ្ឋ មានការយោគយល់ អធ្យាស្រ័យ និងបញ្ចៀស​ការធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ខាងលើ បើមិន​មានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ​។

 


រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើរយៈពេល០១ខែ ដោយគិតចាប់ផ្តើមពីថ្ងៃទី១៨ មករា នេះទៅ ដើម្បីកាត់លះមែកឈើនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស ដែលមានអាយុកាលច្រើនឆ្នាំ និងមានសភាពចាស់ទ្រុឌទ្រោម។


ដើម្បីឲ្យការងារកាត់លះមែកឈើនេះ ប្រព្រឹត្តទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់ ប្រជាពលរដ្ឋ មានការយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដោយហេតុថា ក្រុមការងារនឹងត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែកឈើ និងរថយន្តធុនធំដែលអាចបង្កការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

 


គួរបញ្ជាក់ថា ក្រោយពីចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនស ដោយផ្ទាល់រួមជាមួយមន្ត្រីជំនាញនៃមន្ទីពាក់ព័ន្ធ កាលពីថ្ងៃទី១២ ខែមករា អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសម្រេចបន្តរក្សាទុកនិងថែទាំដើមឈើចំនួន៣ដើម បន្ទាប់ពីអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានជូនដំណឹងគ្រោងកាប់ចេញជំនួសថ្មី ក្រោមសារហេតុផលចាស់ទ្រុឌទ្រោម ពុកគល់ប្រហោងក្នុង។ 

 


ជាមួយគ្នានោះ អភិបាលរាជធានីភ្នំពេញ ក៏ណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន កាត់លះមែកឈើចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុដល់អ្នកដំណើរឆ្លងកាត់។ បច្ចុប្បន្នដើមឈើធំៗមានចំនួនប្រមាណ៥០ដើម នៅលើសួនតាមបណ្តោយវិថីព្រះអង្គឌួងក្នុងនោះដើមឈើខ្លះមានអាយុកាលដល់ជាង៣០០ឆ្នាំមកហើយ៕

 

អត្ថបទ៖ សន រដ្ឋា        រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024