ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ស្ងាត់អាជីពសម្តែងតែ អេឡិច ច័ន្ទត្រា មមាញឹកការងារក្រៅ និងជំនួញផ្ទាល់ខ្លួន

១៩ មករា ២០២១ | កម្សាន្ដ

វិបត្តិកូវីដ១៩ ស្របពេលការងារសិល្បៈធ្លាក់ចុះបានធ្វើឱ្យតារាល្បី ឈ្មោះលោក អេឡិច ច័ន្ទត្រា ងាកមកពីពង្រឹងការងារខាងក្រៅ និងអាជីវកម្មផ្ទាល់ខ្លួនកាន់តែខ្លាំង។

 


ទោះបីជាដកខ្លួនពីពិភពសម្តែងអស់ជាច្រើនឆ្នាំ និងការប្រឈមដោយសារវិបត្តិកូវីដ១៩ផងបានធ្វើឱ្យអាជីពជាតារាសម្ដែងបានធ្លាក់ចុះជាខ្លាំង។

 

 

យ៉ាងណាក្ដីបុរសសង្ហារ អេឡិច ច័ន្ទត្រា នៅឆ្លៀតថតផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនជាច្រើន រួមនឹងពង្រឹងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ជាក់ស្តែងចុងក្រោយនេះលោកបានក្លាយទៅជាអ្នកតំណាងផលិតផលថែរក្សាសម្រស់មួយប្រភេទ ដោយទទួលបានតម្លៃខ្លួនខ្ពស់គួរសម ។

 


ស្របពេលក្រុមហ៊ុន ហ្សារីតា ខូស្មិកទិក ប្រកាសសម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៨ ខែ មករា កន្លងមកនេះ លោកជំទាវ ថ្លាង គឹមហឿន អគ្គនាយិកាក្រុមហ៊ុនបានប្រកាសថា លោក អេឡិច ច័ន្ទត្រា គឺជាតារាតំណាងផលិតផលរបស់ខ្លួនដោយបានចុះកុងត្រាការងារជាមួយគ្នារយៈពេលពេញមួយឆ្នាំ។ 

 


លោកជំទាវ ថែមទាំងបានបញ្ជាក់ថា មូលហេតុដែលលោកជំទាវជ្រើសរើសយកលោក អេឡិច ច័ន្ទត្រា ធ្វើជាអ្នកតំណាងផលិតផលនេះ ដោយសារតែតារារូបនេះ ជាអ្នកប្រើប្រាស់ផលិតផលនេះផ្ទាល់ ម្យ៉ាងវិញទៀត លោក អេឡិច ច័ន្ទ ត្រា ជា Idol ក្នុងចិត្តរបស់លោកជំទាវផងដែរ ។ 

 


ជាមួយគ្នានោះដែរ លោក អេឡិច ច័ន្ទត្រា ក៏បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំងដែលបានចូលខ្លួនធ្វើជាអ្នកតំណាងផលិតផលខាងលើដែលជាការងារដំបូងសម្រាប់បើកទំព័រ ឆ្នាំ ២០២១ កន្លងមកមានក្រុមហ៊ុនជាច្រើនទាក់ទងហៅលោកធ្វើជាអ្នកតំណាងផលិតផលគ្រឿងសំអាង តែលោកបដិសេធ ។ 

 



ក្រៅបំពេញការងារផ្សព្វផ្សាយពីផលិតផលនេះ អេឡិច ចាន់ត្រា ក៏នឹងត្រៀមខ្លួនលេចមុខ នៅក្នុងវិធីសប្បុរសធម៌ជាច្រើនទៅតាមគម្រោងដែលបានគ្រោងទុក ។

 

 

លោក អេឡិច ចាន់ត្រា បានបន្ថែមទៀតថា ថ្វីដ្បិតលោកផ្អាកអាជីពសម្តែងអស់ជាច្រើនឆ្នាំ តែលោកមិនបោះបង់អាជីពនេះចោលឡើយ ថ្ងៃណាមួយលោកនឹងវិលទៅកាន់វិស័យដែលធ្លាប់ធ្វើឱ្យលោកល្បីល្បាញឡើងវិញ ដើម្បីកុំឱ្យ ពុកម៉ែបងប្អូនភ្លេចមុខ ៕ 
 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024