ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

២០២១ ជាឆ្នាំធ្វើឲ្យ គង់ ចាន់ស្រីមុំ លេចមុខក្នុងវិស័យភាពយន្តម្តងទៀត

១៤ មករា ២០២១ | កម្សាន្ដ

ក្រោយចាកឆ្ងាយពីវិថីសិល្បៈសម្តែងរយៈពេលជាច្រើនឆ្នាំ ពេលនេះអ្នកម្តាយសម័យថ្មីក្នុងយុគសម័យទំនើប គង់ ចាន់ស្រីមុំ សម្រេចចិត្តត្រឡប់មកសម្តែងភាពយន្តម្តងទៀតហើយ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។


អតីតតារាសម្តែងធ្លាប់មានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ ដែលបច្ចុប្បន្នកំពុងរស់នៅយ៉ាងសុភមង្គលជាមួយស្វាមីនិងកូនស្រីសំណព្វចិត្តឈ្មោះម៉ូម៉ូ រមែងមានដំណើរកម្សាន្តផ្អែមល្អែមជាលក្ខណៈគ្រូសារជានិច្ច។


ត្បិត គង់ ចាន់ស្រីមុំ បានបាត់មុខពីការសម្តែងអស់មួយរយៈធំមកហើយទាំងការថត MV ចម្រៀង និងខ្សែភាពយន្តជាដើម។ ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះមិនស្រុតចុះនោះឡើយ ដោយជីវិតឯកជនរបស់នាងនៅតែជាទីចាប់អារម្មណ៍ពីមហាជន។


ដោយឡែកមកកាន់ឆ្នាំ២០២១នេះ អ្នកម្តាយវ័យក្មេងល្បីល្បាញខ្លាំងរឿងស្ទីលតុបតែងរូបនេះ បង្ហើបឲ្យអ្នកគាំទ្រដឹងថា រូបនាងនឹងលេចមុខក្នុងវិស័យភាពយន្តជាថ្មីម្តងទៀត ដោយសង្ឃឹមថាមហាជននឹងនៅតែចូលចិត្តថ្វីដៃសម្តែងរបស់នាង។


គង់ ចាន់ស្រីមុំ បានបញ្ជាក់នៅគណនី Instagram ថានេះគឺជាលើកទី១មួយហើយដែលអ្នកនាងបានដើរចូលក្នុងវិស័យសិល្បៈភាពយន្តម្តងទៀត ក្រោយពីបាត់មុខបាត់មាត់អស់រយៈពេលជាយូរ ដើម្បីចាប់ជំនួញជំនួសវិញ។ 

 


មុនប្រកាសបង្ហាញស្នាដៃភាពយន្ត ថ្មីៗនេះ គង់ ចាន់ស្រីមុំ ទើបលេចមុខជាពិធីការនីកម្មវិធីបែបសិល្បៈម្តងទៀតដែលកាលបង្ហាញខ្លួនថ្មីថ្មោង មានអ្នកគាំទ្រធ្លាប់ប៉ានប្រមាណថា អ្នកម្តាយកូនមួយនេះអាចបោះជំហានពេញលេញលើវិថីសិល្បៈវិញនៅថ្ងៃណាមួយ ហើយពេលនេះការទស្សន៍ទាយរបស់អ្នកគាំទ្រកំពុងក្លាយជាការពិតហើយ ដោយឆ្នាំ២០២១នេះ គង់ ចាន់ស្រីមុំ នឹងមានស្នាដៃភាពយន្តត្រៀមលេចរូបរាងឆាប់នេះ។

 


ទោះច្រើនឆ្នាំមកនេះ គង់ ចាន់ស្រីមុំ បានរយារដៃពីការងារសិល្បៈក៏ពិតមែន ប៉ុន្តែទីផ្សារថតម៉ូដសម្អាងរបស់នាងនៅតែខ្ពស់ត្រដែត ទោះមានគ្រួសារមានកូនស្រីគួរឲ្យស្រលាញ់ម្នាក់ទៅហើយក្តី។ ដោយឡែក ការបង្ហាញខ្លួនតាមកម្មវិធីអ្នកសិល្បៈក៏វិញ ក៏គេតែងឃើញវត្តមានរបស់នាងតែងខ្លួនខ្ញង់ៗចូលរួមផងដែរ ដោយឈុតសម្លៀកបំពាក់ ឈុតគ្រឿងពេជ្រ ស្ទីលតុបតែងខ្លួនរបស់តារាស្រីរូបនេះមិនចេះច្រំដែរនោះឡើយ ធ្វើឲ្យនាងមើលទៅកាន់តែហាយសូរ ហើយស៊ីវិល័យខ្លាំងលើសដើម។

 


គួររំលឹកថា អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីម្នាក់ល្បីល្បាញខ្លាំងកាលពី ៧-៨ ឆ្នាំមុន ដោយបានលេចមុខសម្តែងក្នុង MV ចម្រៀងបែបយុវវ័យច្រើនជាហូរហែរ។ ក្នុងចំនោមស្នាដៃទាំងនោះក៏មានការសម្តែងរួមគ្នាជាមួយស្វាម៉ីរបស់នាង គឺលោក គឹម សីហា ផងដែរ។

 

 

នៅដើមឆ្នាំ ២០១៦ គឹម សីហា និង គង់ ចាន់ស្រីមុំ បានបញ្ចប់ភាពនៅលីវរបស់អ្នកទាំងពីរបន្ទាប់ពីពុះពារស្រលាញ់មើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ បច្ចុប្បន្ន ទាំងពីរនាក់មានកូនស្រីម្នាក់ជាចំណងដៃឈ្មោះ ម៉ូម៉ូ។

 

 

ក្រុមគ្រួសាររបស់អតីតសម្តែងប្រុសស្រីនេះ រមែងទទួលការស្ងប់ស្ងែងពីមហាជន តាមរយៈសកម្មភាពប្រចាំថ្ងៃគួរឲ្យស្រលាញ់ មើលទៅពោរពេញដោយសុភមង្គលគ្រួសារ។
បច្ចុប្បន្នអ្នកម្តាយកូន១ ពិតជាមានភាពមមាញឹកណាស់ក្នុងសង្គមសិល្បៈ ស្របពេលដែលអាជីវកម្មផ្ទាល់ខ្លួនក៏កំពុងទៅមុខយ៉ាងរលូនដូចគ្នា។

 

 

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024