ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១
ក្មេងប្រុសឈ្មោះ ក្រាហេម សេម៉ា អាយុ ៧ ឆ្នាំជនជាតិអ៊ូហ្គង់ដាទទួលបានភាពល្បីល្បាញនៅក្នុងប្រទេសរបស់គាត់ជាមួយការបង្ហាញចំណេះដឹងផ្នែកយន្ដហោះនិងជំនាញហោះហើរយ៉ាងស្ទាត់ជំនាញរបស់គាត់។ ប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋានមួយចំនួនបានសម្ភាសកុមារ ក្រាហេម សេម៉ា ធ្វើឱ្យកុមារនេះមានភាពល្បីល្បាញនៅលើទំព័រកាសែតនិងប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយរហស្សនាមថា «កាពីទែន (Captain)»។
ក្នុងឯកសណ្ឋានជាបើកយន្តហោះ កុមារ សេម៉ា បាននិយាយថា គាត់អ្នកស្រឡាញ់ចូលចិត្តគណិតវិទ្យានិងវិទ្យាសាស្ត្រ ហើយកុមាររូបនេះក៏ធ្លាប់បានចូលរួមក្នុងការហ្វឹកហាត់បើកយន្តហោះ Cessna ១៧២ ចំនួន ៣ លើកនៅក្នុងប្រទេសអ៊ូហ្គង់ដា ហើយឯកអគ្គរដ្ឋទូតអាឡឺម៉ង់និងរដ្ឋមន្រ្តីដឹកជញ្ជូនប្រទេសអ៊ូហ្គង់ដា ក៏បានអញ្ជើញកុមាររូបនេះឱ្យចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗផងដែរ។។
អ្នកបើកយន្តហោះក្មេងខ្ចីរូបនេះ បានបញ្ជាក់ពីគោលបំណងរបស់គាត់ថា គាត់ចង់ក្លាយជាអ្នកបើកយន្តហោះ និងអវកាសយានិក ដែលថ្ងៃណាមួយគាត់អាចនឹងធ្វើដំណើរទៅកាន់ភពព្រះអង្គារ ហើយកុមាររូបនេះក៏មានក្ដីស្រមៃចង់ចាប់ដៃជាមួយលោក អេឡុន ម៉ាស និងរៀនសូត្រយកគម្រូតាមលោក ម៉ាស ផងដែរ។ សូមបញ្ជាក់ថា លោក ម៉ាស គឺជាអ្នកបង្កើតក្រុមហ៊ុនអវកាស SpaceX នៅសហរដ្ឋអាមេរិក ហើយថ្មីៗនេះក្រុមហ៊ុនរបស់លោកបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតឯកជនចំនួន ២ គ្រឿងទៅកាន់ដែនអវកាសដើម្បីសិក្សាពីភពព្រះអង្គារបន្តទៀតព្រោះនៅក្នុងពេលអនាគត លោក ម៉ាស ចង់បញ្ជូនមនុស្សលោកឱ្យទៅលេងឬរស់នៅលើភពនេះ៕
ប្រែសម្រួល៖ បុិច សុីនួន