ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្លាំងចម្រុះ នឹងចុះចាប់អ្នកមិនបង់ពន្ធផ្លូវ ចាប់ពីថ្ងៃទី០១ កុម្ភៈតទៅ

១៣ មករា ២០២១ | ព័ត៌មានជាតិ

ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើមធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ​ប្រចាំឆ្នាំ២០២០ នៅតាមគោលដៅមួយចំនួន លើកំណាត់​ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១តទៅ​។ នេះបើតាម​អគ្គនាយកដ្ឋានពន្ធដារ។

 


ក្នុងសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋាន​ពន្ធដារ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០​ បានចារ​ឯកភាពលើឯកសាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​ចុះ​ពិនិត្យ និងចាប់អ្នកមិនបង់​ពន្ធផ្លូវ លើ​យានជំនិះ​ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ​។

 


អគ្គនាយកដ្ឋាន​ពន្ធដារ បានបញ្ជាក់ថា ក្នុងករណី​ម្ចាស់យានយន្ត​ខកខាន​មិនបាន​ប្រកាសបង់​ពន្ធ​លើមធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅ​ប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋាន​ពន្ធដារ ឬនៅតាមសាខាពន្ធដារ​ខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា អេស៊ីលីដា ធនាគារវឌ្ឍនៈ កម្ពុជាសាធារណៈ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅសាខាធនាគារ​ ស្ថាបនា​។

 


អគ្គនាយកដ្ឋាន​ពន្ធដារ សង្ឃឹមថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់ទៅប្រកាសបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ដើម្បីចៀសវាងក្រុមការងារចម្រុះ រួមសហការជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ ធ្វើការឃាត់តាមដងផ្លូវតម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខាតពេលវេលា និងកកស្ទះចរាចរណ៍ដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ។

 


សូមរម្លឹកថា ការបង់ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់ប្រភេទ​ប្រចាំឆ្នាំ២០២០ បានផុតកំណត់​កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០​។
ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូ​នគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០​ បានកើនឡើងលើសផែនការ ជាង ៣៥​%​ ក្នុងចំណោមយានយន្ត​ជាង ៧៣ម៉ឺនគ្រឿង ​ក្នុងនោះ មានរថយន្តចុះបញ្ជីថ្មី​ ចំនួនជាង ៩ម៉ឺន ៩ពាន់​គ្រឿង។


ក្នុងពេលកម្លាំងចម្រុះ ចុះចាប់អ្នកមិនបង់ពន្ធផ្លូវ ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ ម្ចាស់យានយន្ត នឹងត្រូវរងការផាកពិន័យ។ ដោយឡែក សម្រាប់ម៉ូតូគ្រប់ប្រភេទ មិនជាប់កាតព្វកិច្ច បង់ពន្ធ​ផ្លូវឡើយ ដោយរាជរដ្ឋាភិបាល បានលើកលែង​ជាយូរឆ្នាំមកហើយ៕

 

អត្ថបទ៖ អឿន ភារ៉ា ​រូបភាព៖ ឯកសារ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024