ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រដ្ឋមន្ត្រីសាធារណការ ផ្តាំទៅមន្ត្រីវ៏យក្មេងជំនាន់ក្រោយ ត្រូវចាំពាក្យស្លោក «មន្ត្រីគឺអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រឡើយ»

១៣ មករា ២០២១ | ព័ត៌មានជាតិ

«មន្ត្រីគឺអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រឡើយ ត្រូវធ្វើអ្វីៗ ដោយឆន្ទៈ និងធ្វើឲ្យបានបើធ្វើមិនបានកុំធ្វើ និងសំដីឥតប្រយោជន៍ នាំឲ្យជាតិបែកបាក់ការងារ មានប្រសិទ្ធភាពនាំឱ្យជាតិរុង​រឿង​»។ នេះជាពាក្យស្លោក ដែលឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តាំទៅមន្ត្រីវ័យក្មេងជំនាន់ក្រោយ។

 


ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មន្ត្រី​មួយ​​រូប​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​​ដែល​មាន​ប្រជាប្រិយភាព និង​មាន​ស្នាដៃការងារ​ល្អ បានថ្លែងផ្តាំទៅមន្ត្រីវ័យក្មេងជំនាន់ក្រោយ ត្រូវយកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនទៅបម្រើជាតិមាតុភូមិឲ្យកាន់តែមានការរីកចម្រើនថែមទៀត និងគួរចងចាំនូវពាក្យស្លោកមួយចំនួនដូចជា៖ មន្ត្រីគឺអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រឡើយ ត្រូវធ្វើអ្វីៗដោយឆន្ទៈនិងធ្វើឲ្យឱ្យបានបើធ្វើមិនបានកុំធ្វើ និងសំដីឥតប្រយោជន៍ នាំឲ្យជាតិបែកបាក់ការងារ មានប្រសិទ្ធភាពនាំឲ្យជាតិរុងរឿង។

 


ក្នុងពេលអញ្ជើញធ្វើបាឋកថាតាមអនឡាញ ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល នៅដើមសប្តាហ៍នេះ ឯកឧត្ដម ស៊ុន ចាន់ថុល បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធទៅនឹងការកែទម្រង់ស៊ីជម្រៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តនានា និងតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ។


ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ឈានដល់ដំណាក់កាលថ្មីនេះ កម្ពុជាតម្រូវឲ្យមានការពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីប្រភេទផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) ទៅជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ដោយក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ និងផ្លូវជាតិនានាទៀត ព្រមទាំងកំពុងកសាងផ្លូវថ្មីពីវាលវែងទៅខេត្តកោះកុង (ផ្លូវជាតិលេខ១០) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើមឲ្យសមស្របតាមកំណើន សេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេស។

 


ជាងនេះទៅទៀត ឯកឧត្ដមរដ្ឋមន្ត្រីបានឲ្យដឹងថា ក្រសួងបានទិញគ្រឿងចក្រទំនើបៗដែលមិនធ្លាប់មានជូនមន្ទីររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាងសង់ថែមទៀត ព្រោះថាក្រសួង មិនទទួលយកផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងទៀតឡើយ ពោលគឺត្រូវធ្វើផ្លូវឲ្យមានគុណភាពតាមស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុក។

 


ក្រៅពីនេះ គម្រោងពង្រីកកំពង់ផែកុងតឺន័រទឹកជ្រៅ, អភិវឌ្ឍផែនការមេប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ, ការធ្វើទំនើបកម្មសេវាសាធារណៈរបស់ក្រសួង, ការអភិវឌ្ឍផែនការមេភ័ស្តភារកម្មកម្ពុជា, រៀបចំជញ្ជីងអចល័ត ជញ្ជីងចល័ត និងជញ្ជីងស្វ័យប្រវត្តិ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការធ្វើយុទ្ធនាការដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។


ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងផងដែរថា ក្រសួងនឹងដាក់ឲ្យដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៅពេលដ៏ខ្លីខាងមុខ ដើម្បីបង្កើតថ្នាលបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកទេសសាងសង់ផ្លូវ-ស្ពាន ដល់អ្នកជំនាន់ក្រោយឲ្យមានសមត្ថភាពពេញលេញ និងអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយកម្ពុជាខ្លួនឯង៕

 

អត្ថបទ៖ អឿន ភារ៉ា​ រូបភាព៖ ផ្តល់ដោយជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024