ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អេន ជីឡា វិលចូលសិល្បៈជាថ្មីតែមិនពេញលេញ

១៣ មករា ២០២១ | កម្សាន្ដ

ដើម្បីបញ្ចប់ពាក្យចចាមអារាមជាច្រើនដែលបានលេចឡើងពីការត្រឡប់មកសិល្បៈវិញរបស់អតីតតារាចម្រៀងកញ្ញា អេន ជីឡា ពេលនេះសាម៉ីខ្លួនបញ្ជាក់ហើយថា កញ្ញាពិតជាវិលចូលសិល្បៈវិញប្រាកដមែន តែការវិលមកវិញនេះមិនពេញលេញ១០០% នោះទេ។


ក្រោយចាកឆ្ងាយពីវិស័យសិល្បៈប្រមាណជិត១ទសវត្សរួចមក អតីតតារាចម្រៀងស្រីល្បីឈ្មោះបោះសម្លេង កញ្ញា អេន ជីឡា បានសម្រេចចិត្តវិលចូលវិថីសិល្បៈជាថ្មីម្តងទៀតដូចពាក្យចចាមអារាមមួយចំនួនដែលបានលេចឮកាលពីពេលថ្មីៗនេះ។


យ៉ាងណាមិញ ការត្រឡប់វិញរបស់អតីតតារាចម្រៀងប្រចាំផលិតកម្ម M រូបនេះ មិនពេញលេញដូចពេលមុននោះទេ ពោលគឺកញ្ញាវិលមកតែមួយផ្នែកប៉ុណ្ណោះ គឺការងារតាមបែបឌីជីថលដោយមិនទទួលកម្មវិធីសិល្បៈអ្វីទាំងអស់។ នេះបើតាមការឲ្យដឹងពីម្ចាស់បទ «សន្យាជាពាក្យឲ្យអូនស្ងប់ចិត្ត»។


បន្ថែមឲ្យដឹងតាមរយៈកិច្ចសម្ភាសន៍ជាមួយភីអិនអិនកាលពីពេលថ្មីនេះ អេន ជីឡា ថា ដោយសារចិត្តនៅស្រលាញ់សិល្បៈច្រើន ហើយមើលឃើញពីទេពកោសល្យខ្លួនឯងផង ម៉្យាងក៏មើលឃើញថាសព្វថ្ងៃប្រព័ន្ធឌីជីថលកាន់តែទំនើប សាកសមសម្រាប់ការធ្វើអ្វីមួយនៅពេលខ្លួនឯងមានឱកាសអាចធ្វើបាន។


តាមគ្រោងតារាចម្រៀងស្រីរាងតូចច្រឡឹងរូបនេះ នឹង Cover ចម្រៀងចាស់របស់ខ្លួនឡើងវិញចំនួនពីរបទ មួយជាបទជំនាន់នាងជ្រកកោនផលិតកម្ម M មួយទៀតគឺបទនៅផលិតកម្ម ថោន ដើម្បីរំលឹកដ៏អនុស្សាវរីយ៍កាលពីអតីតកាលជំនាន់មានឈ្មោះបោះសម្លេងខ្លាំងលើវិថីសិល្បៈកម្ពុជា។

 

លើសពីនេះ ក៏អាចនឹងមានចម្រៀង  Original Song ថ្មីផងដែលនៅពេលខាងមុខ ដែលចម្រៀងថ្មីនោះអាចជាការច្របាច់បញ្ចូលគ្នារវាងចម្រៀងបែបទំនើប និងឧបករណ៍ភ្លេចខ្មែរបុរាណ ដើម្បីលើកកម្ពស់ឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ពីឧបករណ៍ភ្លេង ខណៈបច្ចុប្បន្នឧបករណ៍ទាំងនេះមិនសូវទទួលការពេញនិយមប៉ុន្មានឡើយ ជាហេតុនាំឲ្យសិល្បករ និងភ្លេងបុរាណមានខ្សត់ខ្សោយផ្នែកទ្រព្យធន។


មិនត្រឡប់មកដើម្បី Cover បទចាស់ប៉ុណ្ណឹងទេ ចំនុចសំខាន់នៃការត្រឡប់វិញលើកនេះគឺ Angella ចង់ចាប់យកឱកាសនេះដើម្បីធ្វើអ្វីមួយដែលជះឥទ្ធិពលក្នុងសង្គម ពាក់ព័ន្ធតួនាទីនៃតន្ត្រី។

 

អ្វីដែលតារាចម្រៀងរូបនេះចង់ផ្តោតសំខាន់ឲ្យទស្សនិកជនបានដឹង គឺតួនាទីរបស់តន្ត្រី ដោយតន្ត្រីមិនមែនគ្រាន់បម្រើអារម្មណ៍មនុស្សម្នាក់ៗ ប៉ុន្តែតន្រ្តីអាចដើរតួនាទីជួយដល់សង្គម វាជះឥទ្ធិពលវិជ្ជមានដល់សង្គម។

 

កញ្ញាបន្ថែមថា យោងតាមអ្វីដែលកញ្ញាមានបទពិសោធន៍ និងធ្លាប់បានសិក្សារៀនសូត្រ តន្រ្តីក៏ជះឥទ្ធិពលដល់ការអភិវឌ្ឍន៍សន្តិភាពផងដែរ ដូចនេះហើយទើបកញ្ញាចង់ឲ្យគ្រប់គ្នាយល់ដឹងពីតន្ត្រីឲ្យកាន់តែស៊ីជម្រៅ ពីលើការយល់ឃើញថាតន្ត្រីគ្រាន់សម្រាប់ស្តាប់ កម្សាន្ត និងកំដរអារមុ្មណ៍តែប៉ុណ្ណឹងទេ ទើបកញ្ញាចង់បង្កើតវីដេអូឃ្លីបផ្សេងៗមានន័យអប់រំពីរឿងរ៉ាវទាំងនេះឲ្យមហាជនបានដឹង ក្រោមការជ្រោមជ្រែងជាគំនិតពីមិត្តភក្តរបស់កញ្ញា។

 


គួររំលឹកថា Angella ជាតារាចម្រៀងលេចធ្លោម្នាក់ធ្លាប់ទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីយុវវ័យកម្ពុជាអំឡុង ៧-៨ឆ្នាំមុន។

 


ស្របពេលកំពុងទទួលប្រជាប្រិយភាពខ្លាំង ស្រាប់តែតារាចម្រៀងសំលេងផ្អែមរូបនេះបានបាត់ស្ងាត់ពីសង្គមសិល្បៈបន្តិចម្ដងៗ ដោយពុំដឹងមូលហេតុ ហើយគេក៏ពុំឃើញកញ្ញាមានវត្តមាននៅលើកម្មវិធីកម្សាន្តទៀតឡើយ ហើយក៏ពុំឃើញមានស្នាដៃបទថ្មីអ្វីទាំងអស់ រហូតពេលនេះដែលគេមហាជនឃើញវត្តមានរបស់នាងតាមទំព័រហ្វេសប៊ុកលើសង្គមហ្វេសប៊ុក និងដំណឹងនៃការត្រឡប់វិញរបស់កញ្ញា។

 


តាមអ្វីដែលបានដឹង បច្ចុប្បន្ន Angella ជាបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនផ្នែកអចលនទ្រព្យដ៏ធំមួយនៅរាជធានីភ្នំពេញ។ ដោយកំពុងបម្រើការជាបុគ្គលិកឲ្យក្រុមហ៊ុនឯកជនបែបនេះហើយ ជាហេតុកញ្ញាមិនអាចធ្វើអ្វីហួសលក្ខខណ្ឌព្រំដែនបានទេ ជាក់ស្តែងដូចការចូលរួមកម្មវិធីសិល្បៈអ្វីនានាជាដើម សុទ្ធសឹងត្រូវគិតគូរពិចារណាឲ្យបានល្អិតល្អន់ដើម្បីកុំឲ្យមានវិវាទលើបញ្ហាអ្វីមួយ។
 

 

 

 

 

អត្ថបទ៖  រ៉ាត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក និងយូធូប

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024