ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កសិករសុំឱ្យស្ថាប័នពាក់ព័ន្ធ ជួយបញ្ចុះតម្លៃចំណីសត្វ

១៣ មករា ២០២១ | ព័ត៌មានជាតិ

​​មួយរយៈចុងក្រោយនេះ ចំណីសត្វ នៅ​កម្ពុជា បានឡើងថ្លៃមួយកម្រិត ធ្វើឱ្យប៉ះពាល់ដល់កសិករ ដែលជាអ្នកចិញ្ចឹមសត្វ​នៅ​កម្ពុជា។ ​តាមរយៈសមាគមអ្នកចិញ្ចឹមសត្វ​កម្ពុជា កសិករទាំងនោះ បានសំណូមពរឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ជួយសម្រួល ធ្វើយ៉ាងណា ឱ្យចំណីសត្វ ចុះថ្លៃ មកដូចមុនវិញ​។

 


ប៉ុន្មានខែចុងក្រោយនេះ ចំណីសត្វ នៅផ្នែកខ្លះ នៃ ប្រទេស កម្ពុជា បានកើនឡើងពី ១ ៥០០ រៀល ទៅ ២ ០០០ រៀលសម្រាប់ចំណីសត្វ ១ បាវ ទម្ងន់ ៣០ គីឡូក្រាម ដែលប្រការនេះ បាន និង កំពុងជះឥទ្ធិពលអវិជ្ជមានដល់កសិករចិញ្ចឹមសត្វនៅ កម្ពុជា ។ ហេតុនេះសូមរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ មេត្តាជួយសម្រួល ធ្វើយ៉ាងណា ឱ្យតម្លៃចំណីសត្វ ចុះមកនៅដូចដើមវិញ ។ នេះគឺជាសំណូមពររបស់កិសករចិញ្ចឹមសត្វនៅ កម្ពុជា ដែលបាន និង កំពុងរងផលប៉ះពាល់ដោយការឡើងថ្លៃចំណីសត្វ តាមរយៈលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ។

 


គប្បីរំឭកថា កាលពីឆ្នាំ ២០២០ រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បី ជំរុញវិស័យកសិកម្ម នៅ កម្ពុជា ដោយរួមទាំងវិស័យចិញ្ចឹមសត្វផង ។ ជាផ្នែកមួយ នៃ កិច្ចខិតខំប្រឹងប្រែងនោះ រាជរដ្ឋាភិបាល កម្ពុជា បានទម្លាក់កញ្ចប់ថវិកា ៥០ លានដុល្លារអាមេរិក តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម ។

 


បង្ហាញពីឆន្ទៈកាន់តែច្បាស់លាស់របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រមុខដឹកនាំចំពោះវិស័យកសិកម្មនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញទៅទីតាំងខ្លះ ដូចជាកសិដ្ឋានចិញ្ចឹមត្រី និង បង្កង នៅខេត្ត ព្រៃវែង ជាដើម ហើយសម្តេចបានមានប្រសាសន៍ថា ការជំរុញវិស័យកសិកម្មនេះ មិនមែន ដើម្បី តែធានាសន្តិសុខស្បៀងនៅក្នុងប្រទេស កម្ពុជា និង សម្រាប់នាំចេញទៅក្រៅប្រទេស ប៉ុណ្ណោះទេ ប៉ុន្តែក៏ ដើម្បី បង្កើតការងារដល់ប្រជាពលរដ្ឋ កម្ពុជា កុំឱ្យពិបាកធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ជាពិសេសដំណាក់កាលដែលប្រទេសទាំងនោះកំពុងរងការរាតត្បាតយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ ១៩ ។

 


លោក ស្រ៊ុន ពៅ បានលើកឡើងថា ការឡើងថ្លៃចំណីសត្វ គឺជាឧបសគ្គដ៏ធំមួយដល់វិស័យចិញ្ចឹមសត្វនៅ កម្ពុជា ដែលសម្តីដ៏ខ្លីរបស់លោក ស្រ៊ុន ពៅ នេះ ក៏បង្កប់ទៅដោយសារថា ការឡើងថ្លៃចំណីសត្វ គឺជាការដើរបញ្ច្រាសពីឆន្ទៈរបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា កិច្ចខិត្តប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ជាពិសេសកិច្ចខិតខំប្រឹងប្រែង និង អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ ៕

 

អត្ថបទ៖ ខឿន សាឃាង​ រូបភាព៖ ឆិល សុភ័ស្ត ​

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024