ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រសួងកសិកម្ម កំពុងជម្រុញប្រជាកសិករ និងវិស័យឯកជន ពង្រីកសក្តានុពលផលិតកម្មបន្លែក្នុងស្រុក ឆ្លើយតបតម្រូវការបច្ចុប្បន្ន

១២ មករា ២០២១ | សេដ្ឋកិច្ច

ស្របពេលដែលពិភពលោក កំពុងប្រឈមនឹងវិបត្តនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម កំពុងតែជំរុញលើកទឹកចិត្ត និងគាំទ្រឲ្យពលរដ្ឋ ខិតខំបង្កើនពង្រីកសក្តានុពលផលិតកម្មបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ និងឈានទៅកាត់បន្ថយការនាំចូល ខណៈកាលពីឆ្នាំ២០២០ បរិមាណនៃការនាំចូលបន្លែមានចន្លោះពី ២៥ ទៅ ៣០ភាគរយ។

 

 

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានគូសបញ្ជាក់ថា កម្ពុជាមានត្រូវការបន្លែរហូតជាង ១លានតោន កាលពីឆ្នាំ២០២០ ហើយលទ្ធភាពនៃការផ្គត់ផ្គង់បន្លែបានត្រឹមតែជាង ៧១ ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះដើម្បីឆ្លើយតបនឹងកំណើនតម្រូវការនេះ ចាំបាច់ត្រូវតែជំរុញបង្កើនពង្រីកសក្តានុពលផលិតកម្មបន្លែក្នុងស្រុកបន្ថែម ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។

 


ឯកឧត្តមអះអាងថា រដ្ឋាភិបាលបាននិងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តផងដែរឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនទៀត អនុវត្តគម្រោងផលិតកម្មបន្លែ ពិសេសគឺបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានានៅទូទាំងប្រទេស ហើយតាមរយ:កិច្ចសហការដ៏ល្អនេះ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាអនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។

 


លោក សំ វិទូ ទីប្រឹក្សាឯករាជ្យនៃបច្ចេកទេសកសិកម្មបានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះកម្ពុជាត្រូវតែជំរុញ ព្រោះជារៀងរាល់កម្ពុជាមានការនាំចូលបន្លែពីប្រទេសជិតខាងច្រើនស្ទើតែជិតពាក់កណ្តាលនៃតម្រូវការផលិតបន្លែក្នុងស្រុក។

 

 

លោកថា នេះជាការល្អ ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មមានផែនការជាបន្តបន្ទាប់ក្នុងការជំរុញដាំបន្លែជាពិសេសនៅក្នុងតំបន់សក្តានុពលសម្រាប់ផលិតកម្មបន្លែតែម្តង។

 


បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្មក្នុងពេលជាមួយគ្នានេះក្រសួងក៏បានគិតគូយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវផងដែរអំពីលទ្ធភាពពង្រីកនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមស។ល។

 

 

នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានលក្ខណៈភូមិសាស្រ្ត និងសក្តានុពលក្នុងការផលិតបន្លែសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ។


យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មឆ្នាំ២០១៩ ផ្ទៃដីផលិតកម្មដំណាំបន្លែសរុបទូទាំងប្រទេសមានចំនួនជាង ៥ម៉ឺន៧ពាន់ ហិកតា អាចប្រមូលផលបាន ជាង៦៨ម៉ឺនតោន ហើយតាមការប៉ាន់ស្មានតម្រូវការបន្លែនៅ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ លានតោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១ ម៉ឺន ៦ពាន់តោន ស្មើនឹង ៦៨% ក្នុងនេះ នៅរដូវប្រាំង ៦៩% និងរដូវរំហើយ ៧៥%។

 

 

ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ជិត៣៣ម៉ឺនតោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន៕
 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024