ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ឆ្នាំ ២០២០ ពន្ធដារ ប្រមូលចំណូលបានជាង ២៨០០លានដុល្លារ លើសផែនការប្រចាំឆ្នាំ

១២ មករា ២០២១ | សេដ្ឋកិច្ច

បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា មិនទាន់មានភាពប្រាកដប្រជា និងទទួលរងផលប៉ះពាល់ពីវិបត្តិមេរោគកូវីដ១៩ ក៏ដោយ សម្រាប់រយៈពេល ១២ខែ ឆ្នាំ ២០២០កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលនូវចំណូលពន្ធ-អាករ បានប្រមាណ ២ពាន់ ៨រយលានដុល្លារអាមេរិក ដែលស្មើនឹង ១០១% នៃផែនការប្រចាំឆ្នាំ។

 

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីម្សិលមិញនេះ។

 


បើតាមអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ប្រាក់ចំណូលពន្ធ ក្នុងឆ្នាំ ២០២០ គឺមានកើនឡើងប្រមាណ ១០៤លានដុល្លារ ឬស្មើនឹង ៣,៧% បើធៀបនឹងប្រាក់ចំណូលក្នុងឆ្នាំ ២០១៩កន្លងទៅ។

 


ដោយឡែកសម្រាប់ការប្រមូលចំណូលពន្ធ នៅក្នុងខែធ្នូ ឆ្នាំ ២០២០ ដែលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ គឺសម្រេចបាន ២៤០លានដុល្លារអាមេរិក ដែលស្មើនឹង ៨% នៃផែនការប្រចាំឆ្នាំ ហើយបើធៀបនឹងខែធ្នូ ឆ្នាំ ២០១៩ គឺមានកំណើនដល់ទៅ ២៤% ឬប្រមាណ ៤៧លានដុល្លារអាមេរិក។

 


កាលពីចុងខែធ្នូ ឆ្នាំ ២០២០ នាឱកាសបិទបញ្ចប់នូវ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងសរសើរអំពី កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នជាតិ ដែលប្រមូលចំណូលចូលរដ្ឋ គឺអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានពន្ធគយនិងរដ្ឋាករ ដែលតែងតែប្រមូលចំណូលពន្ធបានលើសផែនការ។

 


តែយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ ២០២០កន្លងទៅ សម្តេច សង្កេតឃើញថា ការប្រមូលចំណូលពន្ធដារ អាចនឹងសម្រេចបានលើសផែនការ ១% ខណៈ ចំណូលពន្ធគយ អាចសម្រេចបានប្រមាណ ៨៣% នៃផែនការកំណត់ប្រចាំឆ្នាំ ពោលគឺប្រមាណ ២ពាន់ ៣រយលានដុល្លារអាមេរិក។

 


សូមជម្រាបផងដែរថា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ ប្រទេសកម្ពុជា មានសាច់ប្រាក់សន្សំនៅក្នុងរតនាគារជាតិ ១៣លានលានរៀល ឬប្រមាណ ៣ពាន់ ២រយលានដុល្លារអាមេរិក ហើយគិតត្រឹមថ្ងៃទី ២៥ ខែធ្នូ ទុនបម្រុងផ្លូវការរបស់កម្ពុជា មានជាង ២០ពាន់លានរៀល ហើយកម្ពុជា ក៏មានបរិមាណមាស ៤៤តោន ៤០០គីឡូក្រាម ក្នុងនោះមាសតម្កល់នៅប្រទេសស្វីស ១២តោន ៤០០គីឡូ តម្កល់នៅធនាគារកណ្តាល អង់គ្លេស ១៧តោន និងតម្កល់នៅធនាគារជាតិកម្ពុជាចំនួន ១៥តោន៕
 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024