ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

 Moderna អះអាងថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩របស់ខ្លួន នឹងមានប្រសិទ្ធភាពយ៉ាងហោចណាស់ ១ឆ្នាំ

១២ មករា ២០២១ | សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បានអះអាងថា ប្រព័ន្ធភាពស៊ាំរបស់ វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួន នឹងមានប្រសិទ្ធភាពយ៉ាចហោចណាស់ ១ឆ្នាំ ហើយពួកគេជឿជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា mRNA របស់គេ នឹងអាចដោះស្រាយជាមួយនឹង មេរោគកូវីដ១៩ប្រភេទថ្មី ដែលកំពុងកើតមានឡើងនៅក្នុងបណ្តាប្រទេសមួយចំនួនថែមទៀតផង។

 

នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។


ក្រុមហ៊ុន Moderna បានពន្យល់បន្ថែមថា វ៉ាក់សាំងប្រភេទ mRNA-1273 របស់ពួកគេ នឹងប្រើប្រាស់បច្ចេកវិទ្យាសំយោគ mRNA ទៅតាមផ្ទៃនៃមេរោគកូវីដ១៩ ហើយធ្វើឲ្យ ប្រព័ន្ធភាពស៊ាំរបស់យើង អាចស្គាល់ និងសម្របខ្លួនបាន តែយ៉ាងណា ក្រុមហ៊ុន នឹងធ្វើការតេស្តសាកល្បង វ៉ាក់សាំង នៅក្នុងកម្រិតសម្ពាធផ្សេងៗគ្នា។


លើសពីនេះ ក្រុមហ៊ុន រំពឹងនឹងអាចផលិតនាំចេញ វ៉ាក់សាំង ចន្លោះ ៦០០លានដូស ដល់ ១ពាន់លានដូស សម្រាប់ឆ្នាំ ២០២១ ដែលនឹងអាចរកប្រាក់ចំណូលបានជាង ១១ពាន់ ៧យលានដុល្លារអាមេរិក ដោយផ្អែកទៅលើ កិច្ចព្រមព្រៀងបញ្ជាទិញដែលចុះហត្ថលេខាសម្រេចដោយ រដ្ឋាភិបាល។


ទោះយ៉ាងណា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Moderna បញ្ជាក់ថា សម្រាប់ប្រភេទវ៉ាក់សាំង សម្រាប់កុមារ អាយុក្រោម ១២ឆ្នាំ គឺពុំទាន់សម្រេចបានជោគជ័យនៅឡើយនោះទេ អាចត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២២។


បច្ចុប្បន្នវ៉ាក់សាំង Moderna ត្រូវបានអនុញ្ញាតដាក់ឲ្យប្រើប្រាស់ដោយ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកហើយ សម្រាប់មនុស្សអាយុ ១៨ឆ្នាំ និងលើសពីនេះ ហើយអាមេរិក ក៏បានបញ្ជាទិញ ២០០លានដូសផងដែរ។

 


គួរជម្រាបដែរថា ក្រុមអ្នកស្រាវជ្រាវ និងអ្នកផលិតឱសថ ជុំវិញសកលលោក នៅតែបន្តប្រលងប្រណាំង ក្នុងការអភិវឌ្ឍបង្កើតវ៉ាក់ស៊ាំងនេះឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ ដែលបានកើនឡើងលើស ៩០លានករណីទៅហើយ៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024