ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

វៀតណាម ដាក់គោលដៅនាំចេញបង្គា ៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១

១២ មករា ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យគ្រឿងសមុទ្រវៀតណាម អះអាងថា វៀតណាម មានបរិយាកាសអំណោយផល ក្នុងការជម្រុញការនាំចេញបង្គា ក្នុងឆ្នាំ ២០២១នេះ ឲ្យបានដល់ ៤ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ១៥% ធៀបនឹងការនាំចេញក្នុងឆ្នាំ ២០២០កន្លងទៅ។

 

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម កាលពីពេលថ្មីៗនេះ។



សមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម បានគូសបញ្ជាក់ថា តម្រូវការទីផ្សារបង្គា នៅលើសកលលោក គឺស្ថិតនៅក្នុងកម្រិតមួយថេរ ពុំមានការថមថយអំឡុងពេលនៃវិបត្តិកូវីដ១៩នោះទេ ខណៈ បណ្តាប្រទេសនាំចេញបង្គាផ្សេងៗទៀត កំពុងរងផលប៉ះពាល់ពី ជម្ងឺកូវីដ១៩នៅឡើយ។


តួយ៉ាង ប្រទេសចិន ដែលជាអ្នកផលិត បង្គា ធំជាងគេបង្អស់ក្នុងតំបន់អាស៊ី បែរជាខ្វះខាតបង្គា សម្រាប់ការកែច្នៃនាំចេញ និងប្រើប្រាស់ក្នុងទីផ្សារទៅវិញ ទោះយ៉ាងណា ចិន នៅតែដាក់ការរឹតបន្តឹងលើ គុណភាព ការធ្វើចត្តាឡីស័ក និងបញ្ហានីតិវិធី។


ទោះបីជា វៀតណាម ទទួលបានអត្ថប្រយោជន៍ពី ការកាត់បន្ថយពន្ធ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាដៃគូក៏ដោយ វៀតណាម នៅតែប្រឈមមុខនឹងការប្រកួតប្រជែងជាមួយ ប្រទេសឥណ្ឌា ដែលចំណាយលើផលិតកម្ម ទាបជាងវៀតណាម ធ្វើឲ្យតម្លៃផលិតផលនាំចេញ កាន់តែប្រកួតប្រជែង។

 


គួរជម្រាបដែរថា ក្នុងឆ្នាំ២០២០ វៀតណាម សម្រេចបានការនាំចេញបង្គា ៣ពាន់ ៨រយលានដុល្លារអាមេរិក ដែលមានកំណើន ១៥% ធៀបនឹងឆ្នាំ ២០១៩៕

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024