ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ឈុន រក្សា រំពឹងអាចយកតំណែង Top 5 ពីការប្រកួត Miss Tourism International 2020-2021

១២ មករា ២០២១ | កម្សាន្ដ

បន្ទាប់ពីបានចូលរួមប្រកួត Miss Tourism International 2020/21 មួយរយៈមក ឈុន រក្សា កញ្ញាឯកទេសចរណ៍កម្ពុជា២០២០ រំពឹងអាចឈានដល់ Top 5 ក្នុងកម្មវិធីដែលកំពុងដំណើរការប្រកួតនៅពេលនេះ។

 

 

កញ្ញា ឈុន រក្សា បវរកញ្ញាចក្រវាឡលំដាប់រងទី១ ដែលមហាជនកំពុងកោតសរសើរពីទេពកោសល្យ សមត្ថភាព និងរូបសម្រស់ថាស្រស់ផូរផង់ឥតខ្ចោះ ពេលនេះបានកំពុងចូលរួមប្រកួតកម្មវិធី Miss Tourism International 2020/21 តាមបែបអនឡាញ តាមការរៀបចំរបស់អ្នករៀបចំកម្មវិធី Miss Universe Cambodia។

 


គួរឲ្យភ្ញាក់ផ្អើល បេក្ខភាពតំណាងកម្ពុជាក្នុងកម្មវិធី Miss Tourism International 2020/21 រូបនេះ ពិតជាធ្វើបានល្អក្នុងការប្រកួតតាមអនឡាញ ដោយចាប់ពីពេលផ្តើមដល់ពេលនេះ ឈុន រក្សា បានបង្ហាញសមត្ថភាពជាច្រើនដល់កម្មវិធីប្រកួតដូចជា ការថតវីដេអូខ្លីៗពាក់ព័ន្ធវិស័យទេសចរណ៍ និងវប្បធម៌នៅកម្ពុជា ការឆ្លើយសំនួរផ្សេងៗទៀតតាមការត្រូវការរបស់កម្មវិធីប្រកួត និងថតរូបសម្លៀកបំពាក់តំណាងជាតិ ជាដើម។

 


ក្នុងនោះដែរ ក្រោយបានចូលរួមបញ្ចេញសមត្ថភាពប្រកួតជាមួយប្រទេសដ៏ទៃទៀតមួយរយៈពេលមក ឈុន រក្សា ថាកញ្ញាសង្ឃឹម៧០%ពីការប្រកួតនេះ ហើយរំពឹងថា កញ្ញាអាចនឹងឈានដល់ Top 5 ក្នុងកម្មវិធី Miss Tourism International 2020/21 ដែលកំពុងដំណើរការប្រកួតនៅពេលនេះ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា ឈុន រក្សា Miss Tourism Cambodia 2020។

 


យ៉ាងណាមិញ ដោយសារកម្មវិធី Miss Tourism International 2020/21 ឆ្នាំនេះ ត្រូវប្រារព្ធឡើងតាមបែបអនឡាញ នាំឲ្យតារាម៉ូដែលវ័យក្មេងខាងលើ កើតក្តីកង្វល់មួយចំនួនលើផ្នែកសំនួរចម្លើយ។

 


 រក្សា ថា ការប្រកួតបែបអនឡាញ វាមិនពេញលេញដូចការចូលរួមប្រកួតលើឆាកនោះទេ។ ប្រសិនបើអាចចូលរួមលើឆាកបាន គឺយើងអាចបង្ហាញសមត្ថភាពរបស់យើងជាច្រើនទៀតដែលគេចង់ដឹង ហើយយើងអាចបង្ហាញទៅគេបាន ដូច្នេះការប្រកួតអនឡាញបែបនេះគឺវាខុសគ្នាច្រើន។ 

 


Miss Tourism Cambodia 2020 បន្តថា កញ្ញាពិតជាសោកស្តាយខ្លាំងការដែលកម្មវិធី Miss Tourism International 2020/21 ត្រូវប្រារព្ធឡើងបែបអនឡាញដូច្នេះ កញ្ញាគិតថា ប្រសិនបើកញ្ញាមានឱកាសទៅប្រកួតនៅក្រៅប្រទេសដូចរាល់ឆ្នាំ វាងាយស្រួលសម្រាប់កញ្ញាជាង បើទោះបីការប្រកួតតាមអនឡាញមិនមានបញ្ហាសម្រាប់កញ្ញាសម្រាប់ការប្រើប្រាស់ភាសាអង់គ្លេសក្នុងការប្រាស្រ័យទាក់ទងក៏ដោយ ដោយសារកញ្ញាមានសមត្ថភាពគ្រប់គ្រាន់អាចប្រើប្រាស់ភាសាអង់គ្លេសបានដោយរលូន។

 

 

សូមជម្រាបថា មុនទទួលជយលាភីបវរកញ្ញាចក្រវាឡលំដាប់រងទី១ពីកម្មវិធី Miss Universe Cambodia 2020 ឈុន រក្សា ជាអតីតជយលាភីលេខ៣ពីកម្មវិធី Freshy Girls & Boys ឆ្នាំ២០១៦ ផងដែរ។ បច្ចុប្បន្ន ឈុន រក្សា មានអាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកវេជ្ជបណ្ឌិតទូទៅ។

 

 

 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024