ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ឆ្លងឆ្នាំថ្មីភ្លាម យូរី ត្រៀមបើកមុខជំនួញធំមួយ !  

១២ មករា ២០២១ | កម្សាន្ដ

ក្នុងថ្ងៃខួបកំណើតរបស់ខ្លួនកាលពីយប់មិញដោយមានសិល្បករ សិល្បការិនីជាច្រើនចូលរួមតារាចម្រៀងសិចស៊ីកញ្ញា យូរី បានបង្ហើបពីគម្រោងបើកមុខជំនួញថ្មីដ៏ធំមួយរបស់ខ្លួនជាមួយគូស្នេហ៍នាពេលដ៏ខ្លីខាងមុខ។ 

 

ចាប់តាំងពីផ្លាស់ប្តូរទ្រនំថ្មីមកតារាចម្រៀងសិចស៊ី យូរី មានយីអ៊ុនល្អ ទទួលបានការងារថ្មីជាបន្តបន្ទាប់ ជាពិសេសនាងថែមទាំងត្រៀមបើកហាងរកស៊ីថ្មីមួយ បន្ទាប់ពីរៀបចំពិធីខួបកំណើតរបស់ ខ្លួនយ៉ាងធំដុំកាលពីម្សិលមិញនេះ ។ 


យូរី ពិតជាស្រស់ស្អាតខ្លាំង ក្នុងឈុតសម្លៀកបំពាក់រ៉ូបរាត្រីស្រមោលសពណ៌ក្រហមឆ្អិនឆ្អៅ  សមជាតារាចម្រៀងយុវវ័យសម័យថ្មី សូម្បីតែអ្នកចូលរួមក៏លាន់មាត់សរសើរនាងមិនដាច់ពីមាត់ ។ 

 

នេះជាលើកដំបូងហើយដែល យូរី រៀបចំពិធីខួបកំណើតដែលមានលក្ខណៈធំដុំបែបនេះ នៅក្នុង   ភោជនីយដ្ឋាន The Fun Pub នៅម្តុំ សែនសុខ នាងថែមទាំងបានអញ្ជើញមិត្តសិល្បៈជាច្រើនចូលរួមអបអរសាទរ  អ្នកគាំទ្រជាច្រើនចង់ដឹងថា តើឆ្នាំនេះ យូរី មានអាយុប៉ុន្មានឆ្នាំហើយ ? 

 


ជួបជាមួយ យូរី ក្នុងថ្ងៃកំណើតផ្ទាល់នាងបាននិយាយថា នាងសុំមិននិយាយពីអាយុ ពីព្រោះមិនចង់ចាស់តាមអាយុទេ ។ ទោះជាយ៉ាងនេះក្តីយើងចាប់អារម្មណ៍ឃើញថា យូរី នៅតែស្រស់ស្អាត និងនៅក្មេងវ័យដូចដើម បើប្រៀបធៀបនិងមិត្តរួមជំនាន់ នាងនៅតែលេចធ្លោជាងគេ ។

 


ស្របពេលដែល យូរី ធ្វើខួបកំណើតនៅក្នុងឆ្នាំនេះផងដែរ ស្រាប់តែមានព័ត៌មានថា ហាងដែលនាងរៀបចំកម្មវិធីនោះគឺជាហាងរបស់នាងផ្ទាល់ ដែលបានចូលហ៊ុនគ្នាជាមួយគូស្នេហ៍របស់នាង ។

 

 

ចំពោះរឿងនេះ យូរី បានបញ្ជាក់ប្រាប់ថា  មានមូលហេតុមួយចំនួនដែលធ្វើឱ្យនាងសម្រេចចិត្តធ្វើខួបកំណើតធំនៅក្នុងឆ្នាំនេះ  ។

 

 

យូរី នៅតែជាតារាចម្រៀងវ័យក្មេងស្ថិតក្នុងបេះដូងយុវវ័យ ជាក់ស្តែងត្រឹមតែរយៈពេលជាំងមួយខែ នៅក្នុងទ្រនុំថ្មី តែនាងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសតាមរយៈបទចម្រៀង ដែលមានចំណងជើងថា « ផាំងផាំង » បានធ្វើឱ្យផ្ទុះខ្លាំងជាមួយនិងការសម្តែង និងក្បាច់រាំប្លែកភ្នែក មិនធ្លាប់មានពីមុនមក ។ 

 

 

សម្រាប់ឆ្នាំ ២០២១ នេះផងដែរ យូរី ក៏នឹងមានអ្វីថ្មីៗជាច្រើនដើម្បីបង្ហាញទស្សនិកជនដែលស្នេហាវិស័យចម្រៀង ។


ក្រៅពីមមាញឹកនៅក្នុងការងារសិល្បៈ យូរី ក៏ឆ្លៀតពេលវេលាដើម្បីបង្កើតមុខរបររស៊ី ផ្ទាល់ខ្លួនដើម្បីពង្រឹងជីវភាពខ្លួនឱ្យខ្លាំងក្លាឡើង នៅក្នុងខែ កុម្ភះ ខាងមុខនេះ យូរី ត្រៀមនឹងបើកហាង អ៊ុតសក់មួយកន្លែងផងដែរ ដែលជាហាងក្នុងក្តីស្រមៃរបស់ខ្លួន ៕ 
 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024