ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ដល់ថ្ងៃទី១៧ ខែមករា

១២ មករា ២០២១ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៨ ខែមករានេះ បានប្រកាស​ថា ​​ប្រទេស​កម្ពុជា​​ទទួល​​​​រងនូវ​អាកាសធាតុចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៧ ខែមករា ជាពិសេស​តំបន់​ជួរ​ភ្នំដង​រែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះ​មកនៅ​ក្នុងរង្វង់ពី ១១អង្សា​សេ ទៅ ១៣អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង​។ ក្រសួងធន​ធានទឹក និងឧតុនិយម បានអោយដឹង​ថា មូលហេតុដែលធ្វើអោយអាកាសធាតុ​ចុះត្រជាក់​ខ្លាំងនេះ ដោយសារទ្រនុង​សម្ពាធខ្ពស់ពីភាគ​ខាងជើង បាន និងកំពុងធ្លាក់ចុះមកក្រោម នាំមក​នូវធាតុត្រជាក់ ពីតំបន់ស៊ីប៊ីរី គួបផ្សំជាមួយ​នឹងខ្យល់​មូសុងឦ​សានខ្លាំង។ 

 


ដោយសារទ្រនុង​សម្ពាធខ្ពស់ពីភាគ​ខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុ​ត្រជាក់ ពីតំបន់ស៊ីប៊ីរី គួបផ្សំជាមួយ​នឹងខ្យល់​មូសុងឦ​សានខ្លាំង នឹងធ្វើអោយអាកាសធាតុ ទទួល​​​​​រងអា​កាស​ធាតុចុះត្រជាត់ខ្លាំង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៧ ខែមករា។ នេះបើយោង​តាម​សេចក្តី​​ប្រកាស​ព័ត៌មា​​ន​របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៨ ខែមករានេះ។

 


ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងទៀតថា លក្ខណៈបែបនេះ នឹងធ្វើអោយ​​តំបន់​វាល​​ទំនាបនៃប្រទេសកម្ពុជា មានសីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុង​រង្វង់ពី ១៣ អង្សា​សេ ទៅ​១៥ អង្សា​សេ លាយឡំជាមួយខ្យល់មធ្យម​។ សម្រាប់រាជធានី​ភ្នំពេញ សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦អង្សា​សេ ។ តំបន់ជួរភ្នំដង​រែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១១អង្សា​សេ ទៅ ១៣អង្សា​សេ លាយឡំ​ជាមួយខ្យល់ខ្លាំង​។

 

 

ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា ​នឹងអាចធ្លាក់ចុះ​មកនៅ​ក្នុងរង្វង់ពី ១៧អង្សា​សេ ទៅ ១៩អង្សា​សេ ហើយ​នៅ​ថ្ងៃទី​១២ ខែមករា នៅលើផ្ទៃសមុទ្រ​មានខ្យល់​បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

 


យោងលើស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវ ដល់​សាធារណជន ជាពិសេស​វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់​រាបភាគ​ឦសាន ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព​ចំពោះអាកាសធាតុ​ចុះ​ត្រជាក់ខ្លាំងនេះ​។

 

​ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវ​បង្កើន​​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាច​កើត​មាន​ឡើងជាយថាហេតុ៕

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024