ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

វិស័យអាកាសចរណ៍នៅកម្ពុជា ធ្លាក់ចុះខ្លាំងដោយសារឥទ្ធិពលជម្ងឺកូវីដ១៩

១២ មករា ២០២១ | សេដ្ឋកិច្ច

គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅ ចំនួនអ្នកដំណើរ ដែលបានធ្វើដំណើរតាមផ្លូវអាកាស មកកាន់ប្រទេសកម្ពុជា មានជាង ២លាន ១សែននាក់ ដែលចំនួននេះមានការធ្លាក់ចុះដល់ទៅ ៨០% បើធៀបនឹងពេលដូចគ្នា ឆ្នាំ ២០១៩ ហើយមូលហេតុចំបងនៃការធា្លក់ចុះ គឺដោយសារតែជម្ងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ វិស័យអាកាសចរណ៍ទូទាំងសកលលោក និងធ្វើឲ្យប្រទេសជាច្រើន ចាក់សោរបិទទ្វារប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។

 

 

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។

 

 

សេចក្តីប្រកាសដដែលនេះ បានបង្ហាញឲ្យដឹងថា ការទទួលអ្នកដំណើររបស់ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាគឺមានការធ្លាក់ចុះដូចៗគ្នា ក្នុងនោះ អាកាសយានដ្ឋានភ្នំពេញ ទទួលបានអ្នកដំណើរជាង ១លាន ៣សែននាក់ ធ្លាក់ចុះ ៧៦% អាកាសយានដ្ឋានសៀមរាប ទទួលបាន ៦សែននាក់ ធ្លាក់ចុះ ៨២% និងអាកាសយានដ្ឋានព្រះសីហនុ ទទួលបាន ២សែននាក់ ធ្លាក់ចុះ ៨៦%។

 


នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ចំនួនអ្នកដំណើរសរុបមានជាង ៣ម៉ឺន ៦ពាន់នាក់ប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៩៦% ធៀបនឹងខែវិច្ឆិកា ឆ្នាំ ២០១៩។

 


បើតាមរបាយការណ៍ចុងក្រោយបង្អស់របស់ ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០២០កន្លងទៅ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចូលមកប្រទេសកម្ពុជា តាមរយៈផ្លូវអាកាស មានជាង ៧សែននាក់ ធ្លាក់ចុះ ៨១% ហើយតាមផ្លូវគោក និងផ្លូវទឹក មានជាង ៥សែននាក់ ធ្លាក់ចុះ ៧០%ផងដែរ។

 


គួរជម្រាបដែរថា អំឡុងពេល ១១ខែនេះដែរ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តក្នុងស្រុក ទៅកាន់ គោលដៅទេសចរណ៍ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា មានជាង ៧លាន ១សែននាក់ ក្នុងនោះ ភ្ញៀវទេសចរកម្ពុជា មានជាង ៥លាន ៥សែននាក់ និងភ្ញៀវទេសចរបរទេសមានជាង ១លាន ៦សែននាក់៕

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024