ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា អាចនឹងកើនឡើង ៤% នៅក្នុងឆ្នាំ២០២១

០៨ មករា ២០២១ | សេដ្ឋកិច្ច

នៅក្នុងរបាយការណ៍ថ្មីបំផុតមួយរបស់ធនាគារពិភពលោក ដែលបានដាក់ចេញផ្សាយសម្រាប់ខែមករា ដើមឆ្នាំ ២០២១នេះ បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២១នេះ ថាអាចនឹងកើនឡើង ៤% បន្ទាប់ពីបានធ្លាក់ចុះ ២% កាលពីឆ្នាំ ២០២០កន្លងទៅ។

 

ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ ២០២២ខាងមុខ រំពឹងនឹងបន្តកើនឡើងដល់ ៥.២% បន្ថែមទៀត។


បើតាមរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ ធនាគារពិភពលោក ដែលបានចេញផ្សាយសម្រាប់ខែមករានេះ បានធ្វើការព្យាករណ៍ថា កម្ពុជា អាចសម្រេចកំណើន ៤% ក្នុងឆ្នាំ ២០២១ ដែលតួលេខនេះ គឺដូចគ្នាទៅនឹង ការព្យាករណ៍ នៅក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២០ និងទស្សនវិស័យឆ្នាំ ២០២១របស់ ធនាគារជាតិនៃកម្ពុជា ដែលរំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញ ក្នុងរង្វង់ ៤%។


យ៉ាងណាក៏ដោយចុះ បើតាមធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចកម្ពុជា អាចងើបឡើងវិញបាន ៤% នៅក្នុងឆ្នាំ ២០២១ គឺស្ថិតក្នុងបរិការណ៍ដែលថ្នាំបង្ការ មានប្រសិទ្ធភាព អាចទប់ស្កាត់ការរីករាលដាលនៃ ជម្ងឺកូវីដ១៩ បានក្នុងឆមាសទី ១ ឆ្នាំ ២០២១នេះ ខណៈការព្យាករណ៍របស់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀត ក៏សង្កត់ធ្ងន់ទៅលើ ប្រសិទ្ធភាពនៃថ្នាំបង្ការ ល្បឿននៃការងើបឡើងវិញនៃ កំណើនក្នុងប្រទេសជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក។


លោក David Malpass ប្រធានធនាគារពិភពលោក បានលើកឡើងថា អ្នកបង្កើតគោលនយោបាយនៅតាមបណ្តាប្រទេសនីមួយៗ សុទ្ធតែប្រឈមមុខនឹងបញ្ហាដ៏ខ្លាំងក្លា នៅក្នុងវិស័យសុខភាពសាធារណៈ ការគ្រប់គ្រងបំណុល ការប្រើប្រាស់គោលនយោបាយថវិកាជាតិ និងកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយដើម្បីឆ្លងកាត់ឧបសគ្គនេះ ពួកគេត្រូវតែជម្រុញបរិយាកាសវិនិយោគ បង្កើនភាពបត់បែននៅក្នុងទីផ្សារការងារនិងផលិតផល និងពង្រឹងតម្លាភាពនិងអភិបាលកិច្ចនៅក្នុងប្រទេសរបស់ខ្លួន។

 


របាយការណ៍របស់ធនាគារពិភពលោក ក៏បានប៉ាន់ប្រមាណដែរថា សេដ្ឋកិច្ចសកល បានធ្លាក់ចុះ ៤.៣% កាលពីឆ្នាំ ២០២០កន្លងទៅ ហើយនឹងមានកំណើនមកវិញប្រមាណ ៤% ក្នុងឆ្នាំ ២០២១នេះ។

 


ចំពោះសេដ្ឋកិច្ចប្រទេសជិតខាងកម្ពុជា ធនាគារពិភពលោកបញ្ជាក់ថា សេដ្ឋកិច្ចថៃ អាចកើនឡើង ៤% ក្នុងឆ្នាំ ២០២១នេះ ហើយចំពោះប្រទេសឡាវ មានកំណើន ៤.៩% ខណៈប្រទេសវៀតណាម រក្សាបាននូវកំណើន ៦.៧%។

 


ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានព្យាករណ៍ថា សេដ្ឋកិច្ចធ្លាក់ចុះ ២.៦% កាលពីឆ្នាំ ២០២០ មុននឹងងើបឡើងវិញមក ៥% ក្នុងឆ្នាំ ២០២១នេះ ហើយចំពោះតំបន់ដែលមានកំណើនខ្ពស់ជាងគេ ក្នុងឆ្នាំ ២០២១នេះ គឺ ប៉ែកអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមានកំណើន ៧.៤% ដឹកនាំដោយ ប្រទេសចិន ប្រទេសវៀតណាម និងម៉ាឡេស៊ី។

 


សូមជម្រាបដែរថា សម្រាប់បណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សៗដូចជា អាមេរិក រំពឹងនឹងសម្រេចបានកំណើន ៣.៥% ក្នុងឆ្នាំ ២០២១នេះ ខណៈដែលប្រទេសចិន រំពឹងនឹងសម្រេចបានកំណើនដល់ទៅ ៧.៩% ឯណោះ៕

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024