ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ ប្រកាសអោយកម្មករនយោជិតជាង ៨,៤០០នាក់ ទៅបើកប្រាក់ឧបត្ថម្ភលើកទី៤៥

០៧ មករា ២០២១ | ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ពី​ការបើកប្រាក់​ឧបត្ថម្ភ ជូន​កម្មករនិយោជិតជាង៨,៤០០នាក់ នៅ​រោងចក្រ សហគ្រាស ​ចំនួន៦៦ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​ ក្នុងដំណាក់កាលរងវិបត្តិកូវីដ-១៩។

 


ក្នុងចំណោមបងប្អូនកម្មករទាំងជាង៨,៤០០នាក់ មកពីរោងចក្រ​សហគ្រាសទាំង៣៣ ដែល​ព្យួរការងារ​នេះ គឺ​វិស័យ​កាត់ដេរភាគច្រើននៅរាជធានីភ្នំពេញ កណ្ដាល,កំពង់ស្ពឺ,និងស្វាយរៀង ខណៈ​វិស័យ​ទេសចរណ៍ ភាគច្រើននៅខេត្តសៀមរាប ​។​ មិនខុសពីសព្វដង ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនឹងត្រូវបើកផ្តល់ ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ដោយកម្មករនយោជិតទទួលបានចាប់ពី១៥ដុល្លារដល់៤០ដុល្លារអាមេរិក។

 

 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ កម្មករនយោជិតអាចបើកប្រាក់ឧបត្ថម្ភបាន ក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលបានសារពីធានាគារជាដៃគូរបស់រាជរដ្ឋាភិបាល។ ក្នុងករណីកម្មករនិយោជិតរូបណា មិនបានទទួលសារតាមទូរសព្ទ ពីធនាគារដៃគូរបស់រាជរដ្ឋាភិបាលទេនោះ កម្មករនយោជិតអាចសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាល រោងចក្រសហគ្រាសរបស់ខ្លួនជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។

 



បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារ ឯកឧត្ដម ហេង សួរ គិតចាប់ពីខែកុម្ភៈ រហូតដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនលានដុល្លារហើយ បើកជូនដល់បងប្អូនកម្មករនយោជិតក្នុងវិស័យវាយនភណ្ឌ និងទេសចរណ៍ ដែលត្រូវបានព្យូរកិច្ចសន្យាការងារដោយសារតែឥទ្ធិពលវិបត្តិកូវីត១៩។ វិបត្តិជំងឺសកលកូវីត១៩ បានធ្វើអោយការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែែកជើងពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកមានការធ្លាក់ចុះ រោងចក្រកាត់ដេរមួយចំនួនបានព្យូរកិច្ចសន្យាការងារដល់កម្មករនយោជិត។ លោកបន្តថា បច្ចុប្បន្នរោងចក្រដែលបានព្យូរការងារជាប្រចាំថ្ងៃមានការថយចុះច្រើន ធ្វើអោយកម្មករនយោជិត ដែលត្រូវបានព្យូរកិច្ចសន្យាការងារមានការធ្លាក់ចុះដូចគ្នា។

 


សូមបញ្ជាក់ថា កន្លងមកប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាចំនួន ៨០០-២០០០លានដុល្លារ រួចជាស្រេច ដើម្បីទប់ទល់នូវវិបត្តិកូវីដ១៩ រយៈពេលវែង។ សបើតាមរបាយការណ៍របស់ក្រសួងការងារជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះថា បច្ចុប្បន្ននៅមានរោងចក្រវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងផលិតផលកាបូប ឬស្បែកជើងប្រមាណ៤៤កន្លែងប៉ុណ្ណោះបន្តព្យូរកិច្ចសន្យាការងារដោយសារវិបត្តិជំងឺកូវីត១៩។ រាជរដ្ឋាភិបាល នៅតែបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនយោជិតដែលរងការព្យូរកិច្ចសន្យាការងាររហូតទាល់តែមានសេចក្ដីសម្រេចជាថ្មី៕

 

អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី និងរូបឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024