ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ប្រធានសមាគមថា កត្តាស្លាប់រស់ នៃការចិញ្ចឹមសត្វឆ្នាំ២០២១ នៅលើការចងក្រងជាក្រុម

០៦ មករា ២០២១ | ព័ត៌មានជាតិ

​​ជាបទពិសោធន៍ច្រើនឆ្នាំផង និងស្ថានភាពនៅចំពោះមុខ​ផង ប្រធានសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា អះអាងថា កត្តាស្លាប់រស់ នៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា ឆ្នាំ២០២១ នេះ ស្ថិតនៅលើកសិករចងក្រងគ្នាជាក្រុម ហើយថា ការចូលជាសមាជិក នៃសមាគអ្នកចិញ្ចឹមសត្វកម្ពុជា មិនតម្រូវឱ្យចំណាយថវិកាអ្វីទាំងអស់ ប៉ុន្តែនឹងទទួលបានផលចំណេញច្រើន ជាពិសេសព័ត៌មានទីផ្សារ បច្ចេកទេស និងការអន្តរាគមន៍នានា ដោយមិនអស់ថវិកា នៅពេលសត្វមានជំងឺ ជាដើម​។

 


ការចងក្រងជាក្រុមគឺជាកត្តាស្លាប់រស់ នៃ វិស័យចិញ្ចឹមសត្វនៅ កម្ពុជា សម្រាប់ឆ្នាំ ២០២១ ដោយហេតុថា មានតែការចងក្រងជាក្រុមប៉ុណ្ណោះ ទើបអាចរំលែកព័ត៌មាន ឬ តម្រូវការទីផ្សារដ៏ជាក់លាក់បា ដើម្បី ចៀសវាងបាននូវការចិញ្ចឹមសត្វប្រភេទដូចគ្នា លើសពីតម្រូវការទីផ្សារ នាំឱ្យប៉ះពាល់ដល់តម្លៃសត្វនៅលើទីផ្សារ បណ្តាលឱ្យកសិករខាតចុងខាតដើម រហូតដល់ក្ស័យធន និង ជំពាក់គេជាដើម ។ នេះគឺជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា នាឱកាសផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់ PNN នាថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២១ នេះ ។

 

 
សូមជម្រាបថា គិតមកដល់ពេលនេះ ត្រូវបានទទួលស្គាល់ថា មធ្យោបាយចងក្រងគ្នាជាក្រុមប្រសើរបំផុតសម្រាប់កសិករចិញ្ចឹមសត្វគ្រប់ប្រភេទ គឺតាមរយៈ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដោយហេតុថាទីទៃពីព័ត៌មានទីផ្សារដ៏ជាក់លាក់ទៅ ក៏នៅមានផលប្រយោជន៍ជាច្រើនទៀត ពីការចូលជាសមាជិក នៃ សមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ដែរ ដូចជាបច្ចេកទេស នៃ ការចិញ្ចឹមសត្វ ការប្រឹក្សាយោបល់ ការជ្រើសរើសប្រភេទពូជសត្វដែលចំណាយតិច ផ្តល់ប្រយោជន៍ច្រើន ការអន្តរាគមន៍ពីសមាគម និង ពីមន្ត្រី ឬ អ្នកជំនាញ ដោយកសិករមិនចំណាយថវិកា ដូចជាពេលសត្វមានជំងឺជាដើម ហើយនៅពេលមានបញ្ហាប្រឈមលំបាកៗ ក៏គឺមានតែតាមរយៈសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នេះដែរ ទើបក្តីកង្វល់របស់កសិករ ងាយនឹងលាន់ឮទៅដល់រាជរដ្ឋាភិបាល ។

 


លោក ស្រ៊ុន ពៅ បានបញ្ជាក់បន្ថែមថា ការចូលជាសមាជិក នៃ សមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ពុំមានលក្ខន្តិកៈស្មុគស្មាញទេ ពោលគឺមានទម្រង់ស្រាប់ដែលកសិករយកទៅបំពេញងាយៗ ហើយជាពិសេស កសិករ មិនតម្រូវឱ្យបង់ប្រាក់ ដើម្បី ចូលជាសមាជិកឡើយ លុះពេលបានចូលជាសមាជិកហើយ ក៏មិនតម្រូវឱ្យកសិករចំណាយថវិកាអ្វីទាំងអស់ មកលើសមាគម  ។  ព័ត៌មានបន្ថែម កសិករ អាចចូលទៅក្នុងគេហទំព័ររបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឬ ទាក់ទងតាមទូរស័ព្ទលេខ ០១២ ៥៨៧ ៧៦៧ ។ សូមជម្រាបជូនម្តងទៀត ទូរស័ព្ទលេខ ០១២ ៥៨៧ ៧៦៧ ៕

 

អត្ថបទ៖ ខឿន សាឃាង    រូបភាព៖ ឆិល សុភ័ស្ត ​

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024