ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ក្រសួងការងារប្រកាសអោយកម្មករនិយោជិតជាង ១២,០០០នាក់ ទៅបើកប្រាក់ឧបត្ថម្ភ លើកទី៤៣ និងលើកទី៤៤

០២ មករា ២០២១ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ៨,០០០នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៣៣ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលរងវិបត្តិកូវីដ-១៩។ 

 


ក្នុងចំណោមបងប្អូនកម្មករទាំងជិត ៨,០០០នាក់ មកពីរោងចក្រសហគ្រាសទាំង៣៣ ដែលព្យួរការងារនេះ គឺវិស័យកាត់ដេរភាគច្រើននៅរាជធានីភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ ខណៈវិស័យទេសចរណ៍ ភាគច្រើននៅខេត្តសៀមរាប ។ មិនខុសពីសព្វដង ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនឹងត្រូវបើកផ្តល់ ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ដោយកម្មករនយោជិតទទួលបានចាប់ពី១៥ដុល្លារដល់៤០ដុល្លារអាមេរិក។

 


បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ កម្មករនយោជិតអាចបើកប្រាក់ឧបត្ថម្ភបាន តម្រូវអោយភ្ជាប់ជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបាន សារនោះទៅ កាន់ភ្នាក់ងាររបស់ធនាគារ ដោយគ្មានចំណាយបង់ថ្លៃសេវាអ្វីឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។ ត្រូវទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលបានសារពីធានាគារជាដៃគូរបស់រាជរដ្ឋាភិបាល។


ដោយឡែក ក្នុងករណីកម្មករនិយោជិតរោងចក្រ សហគ្រាសទាំង៣៣នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារដៃគូរបស់រាជរដ្ឋាភិបាលទេនោះ កម្មករនយោជិតអាចសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាល រោងចក្រសហគ្រាសរបស់ខ្លួនជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។

 


បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារ ឯកឧត្ដម ហេង សួរ គិតចាប់ពីខែកុម្ភៈ រហូតដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនលានដុល្លារហើយ បើកជូនដល់បងប្អូនកម្មករនយោជិតក្នុងវិស័យវាយនភណ្ឌ និងទេសចរណ៍ ដែលត្រូវបានព្យូរកិច្ចសន្យាការងារដោយសារតែឥទ្ធិពលវិបត្តិកូវីត១៩។ វិបត្តិជំងឺសកលកូវីត១៩ បានធ្វើអោយការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកមានការធ្លាក់ចុះ រោងចក្រកាត់ដេរមួយចំនួនបានព្យូរកិច្ចសន្យាការងារដល់កម្មករនយោជិត។ លោកបន្តថា បច្ចុប្បន្នរោងចក្រដែលបានព្យូរការងារជាប្រចាំថ្ងៃមានការថយចុះច្រើន ធ្វើអោយកម្មករនយោជិត ដែលត្រូវបានព្យូរកិច្ចសន្យាការងារមានការធ្លាក់ចុះដូចគ្នា។

 


សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងការងារជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននៅមានរោងចក្រវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងផលិតផលកាបូប ឬស្បែកជើងប្រមាណ៤៤កន្លែងប៉ុណ្ណោះបន្តព្យូរកិច្ចសន្យាការងារដោយសារវិបត្តិជំងឺកូវីត១៩។ រាជរដ្ឋាភិបាលនៅតែបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនយោជិតដែលរងការព្យូរកិច្ចសន្យាការងាររហូតទាល់តែមានសេចក្ដីសម្រេចជាថ្មី៕

 

អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី និងរូបឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024