ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ចំនួន២ ជួយ SMEឲ្យចេះធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

៣១ ធ្នូ ២០២០ | សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងផ្ដល់ជំនួយជាថវិកា និងការបណ្ដុះបណ្ដាលអំពីរបៀបធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិនិយោគថ្មីក្នុងទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន ១២៥ សហគ្រាស ក្នុងគោលដៅជួយឲ្យពួកគេងាកមកធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើតាមប្រភពពីក្រសួងពាណិជ្ជកម្មកម្ពុជា។

 

មូលនិធិ ៥០ម៉ឺនដុល្លារអាមេរិកនេះ នឹងផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលគំនិតអាជីវកម្ម និងគំនិតផ្ដួចផ្ដើមបែបនវានុវត្តន៍ និងកម្មវិធីផ្ដល់ថវិកាគាំទ្រខ្នាតតូចរយៈពេល ០៦ខែ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ក្នុងការផ្លាស់ប្ដូរទៅប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកលក់ ផលិតផល និងសេវាកម្មតាមប្រព័ន្ធអនឡាញ និងជួយដល់សហគ្រាសមួយចំនួនដែលលក់ផលិតផល និងសេវាកម្មទៅឲ្យអតិថិជននៅក្រៅប្រទេស តាមថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលកំពុងបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម។


ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាននេះ ត្រូវបានប្រកាសចាប់ផ្ដើមអនុវត្តចំពេលជួនគ្នាជាមួយនឹងការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រកាសដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

 

គម្រោងនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាបង្កើនផលិតភាព នវានុវត្តន៍ ការពង្រីកអាជីវកម្ម  ព្រមទាំងការបង្កើតការងារនៅកម្ពុជាផងដែរ។


លោក រតនាការ អាឌីការី នាយកប្រតិបត្តិនៃលេខាធិការដ្ឋានរបស់ EIF ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ 


លោកឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ក៏បានលើកឡើងដែរថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងជួយដល់វិស័យ SME ជាច្រើន ដូចជាពង្រីកសក្ដានុពលសម្រាប់ផលិតផលខ្មែរទាំងក្រៅ និងក្នុងប្រទេស ធ្វើឲ្យអ្នកទិញមានភាពងាយស្រួល និងចំណេញពេលវេលា និងថវិកា ហើយវាក៏ជួយឲ្យសហគ្រាសផលិតងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យលក់ចេញ និងចូលយ៉ាងមានប្រសិទ្ធភាព។ 

 


ទោះយ៉ាងណា ឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ដែរថា SME នៅតែមានបញ្ហាប្រឈមច្រើនទាក់ទងនឹងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។ ពិសេសគឺបញ្ហាចំណេះដឹង របស់សហគ្រាស និងការចូលរួមរបស់សហគ្រាស។ 

 


វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងទសវត្សចុងក្រោយនេះ ហើយការគាំទ្របន្ថែមទាំងនេះ ត្រូវបានផ្ដល់ក្នុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលបានជំរុញឲ្យអាជីវកម្មកាន់តែច្រើនងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញ។

 

 

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលភាវូបនីយកម្ម ត្រូវបានចាត់ទុកថា មានតួនាទីសំខាន់ ដើម្បីឲ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញឲ្យបានពេញលេញ ឆាប់រហ័ស និងប្រកបដោយចីរភាពសម្រាប់កម្ពុជា៕

 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024