ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិក និងអាល្លឺម៉ង់ បន្ថយគោលដៅការចេញលក់វ៉ាក់សាំង

០៩ ធ្នូ ២០២០ | សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដ-១៩ របស់អាមេរិក ហ្វីស័រ (Pfizer) កាលពីខែមុនបានរំពឹងថា នឹងចេញលក់វ៉ាក់សាំងកូវីដ-១៩ ពាក់កណ្ដាលប៉ុណ្ណោះ នៃផែនការដើមដែលបានគ្រោងចេញលក់នៅឆ្នាំនេះ។

 

ការសម្រេចបន្ថយផែនការចេញលក់វ៉ាក់សាំងនេះ គឺ ត្រូវបានក្រុមហ៊ុននេះ បញ្ជាក់ថា គឺដោយសារតែការផលិតប្រឈមនឹងបញ្ហាខ្សែចង្វាក់ផ្គង់ផ្គង់ ដែលមិនអាចឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងតម្រូវការដែលមានខ្ពស់។

 

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននាពេលថ្មីៗនេះ។
 

អ្នកនាំពាក្យរបស់ក្រុមហ៊ុន ហ្វីស័រ បាននិយាយថា ទំហំកំណើននៃខ្សែចង្វាក់ផ្គង់ផ្គង់វត្ថុធាតុដើមសម្រាប់ការផលិតវ៉ាក់សាំងការពារកូវីដ-១៩ គឺត្រូវចំណាយពេលយូរជាងការរំពឹងទុកទៅទៀត។

 

ហើយអ្វីដែលសំខាន់ជាងនេះទៀត គឺថា លទ្ធផលនៃការសាកល្បងនៅតាមគ្លីនិក គឺចំណាយពេលកាន់តែយូរថែមទៀត ជាងការព្យករដំបូង។


បែបនេះក្ដី ក្រុមហ៊ុន ហ្វីស័រ នៅតែរំពឹងនឹងអាចចេញលក់ វ៉ាក់សាំង ជាង ១ពាន់លានដូស នៅឆ្នាំ២០២១ ដូចទៅនឹងផែនការដែលបានកំណត់ទុក។


ក្រុមហ៊ុន ហ្វីស័រ របស់អាមេរិក និង ក្រុមហ៊ុនដៃគូ បាយអូ អែន ធិច (BioNTech SE) របស់អាល្លឺម៉ង់ ដំបូងឡើយ បានសង្ឃឹមថា នឹងអាចចេញលក់វ៉ាក់សាំងរបស់ខ្លួន ១០០លានដូស នៅទូទាំងពិភពលោកនៅត្រឹមចុងឆ្នាំ២០២០នេះ ប៉ុន្ដែ សម្រាប់ផែនការថ្មីបច្ចុប្បន្ននេះគឺនឹងកាត់បន្ថយការចេញលក់វ៉ាក់សាំងនេះ មកនូវត្រឹម៥០លានដូសប៉ុណ្ណោះ។


ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះដែរ ក៏បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់នេះជាបន្ទាន់ ហើយអង់គ្លេសក៏បានក្លាយជាប្រទេសលោកខាងលិចដំបូងគេបង្អស់ដែលនឹងបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩នេះ ជាលក្ខណៈទូទៅ។

 

បើតាមនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានគូសបញ្ជាក់ថ្មីៗនេះដែរថា អង់គ្លេសបានទិញវ៉ាក់សាំងនេះចំនួន ៣៥០លានដូស ដោយរំពឹងថា នឹងអាចចាក់ឲ្យប្រជាជនរបស់ខ្លួននៅមុនបុណ្យគ្រិសម៉ាស់ខាងមុខ។


សូមបញ្ជាក់ដែរថា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែនឯណោះវិញ កាលពីពេលថ្មីៗនេះដែរ ក៏បានប្រកាសអំពីគម្រោងទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ ដោយសម្តេច លើកឡើងថា នៅក្នុងដំណាក់កាលដំបូងនេះ កម្ពុជានឹងទិញ១លានដូស សម្រាប់ចាក់ជូនប្រជាជនដែលជាអ្នកប្រឈមមុខនឹងហានិភ័យខ្ពស់។

 

ប៉ុន្ដែ ការទិញវ៉ាក់សាំងនេះនៅមិនទាន់ដឹងច្បាស់ថា នឹងត្រូវទិញពីប្រទេសណាឲ្យប្រាដកនោះទេ។


សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា វ៉ាក់សាំង ១លានដូសដែលគ្រោងទិញនោះ អាចចាក់ជូនប្រជាជនចំនួន ៥០ម៉ឺននាក់ ដោយដំណាក់កាលដំបូងអាចចាក់ជូនដូចជាក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌ មន្ត្រីខាងព្រៃឈើ និង បិរស្ថានជាដើម។

 


បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្នុងចំណោមប្រជាជនកម្ពុជាជាង១៦លាននាក់នោះ អ្នកដែលត្រូវការវ៉ាក់សាំងនេះ អាចមានប្រមាណ ១០លាននាក់។

 


សូមបញ្ជាក់ដែរថា បើតាមតម្លៃ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer and BioNTech (ក្រុមហ៊ុនអាមេរិក និងដៃគូអាល្លឺម៉ង់) ដែលបានផ្សាយដោយសារព័ត៌មាន Forbes កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ១ដូសតម្លៃ ១៩ដុល្លារ ៥០សេន ខណៈដែលមនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំងនេះ ២ដង គឺត្រូវចំណាយ៣៩ដុល្លារ។

 


ទោះយ៉ាងណា តម្លៃ និងប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩នេះ គឺអាស្រ័យទៅតាមក្រុមហ៊ុនផលិតនីមួយៗ ដោយបច្ចុប្បន្ន មានក្រុមហ៊ុននៃប្រទេសមហាអំណាចពិភពលោកធំៗជាច្រើន បានប្រកាសរកឃើញវ៉ាក់សាំងនេះដែរ៕
 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024