ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នៅដើមខែធ្នូ ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចុះបញ្ជីគម្រោងវិនិយោគជាង ១២១ លានដុល្លារ 

០៨ ធ្នូ ២០២០ | សេដ្ឋកិច្ច

នៅដើមខែធ្នូ ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចុះបញ្ជីក្នុងពេលតែមួយទៅឲ្យក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្មរោងចក្រផលិតក្នុងស្រុកចំនួន ៥ គម្រោង ដែលមានតម្លៃទឹកប្រាក់សរុបជាង ១២១ លានដុល្លារ និងបង្កើតការងារបាន ១ពាន់៣៣៤ កន្លែង។

 

 

គម្រោងវិនិយោគបង្កើត រោងចក្រ និងសហគ្រាសទាំង ៥ នោះរួមមាន គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ១ មានទុនវិនិយោគ ៧៨ លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម១ មានទុនវិនិយោគជាង ២០ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិកមានទុនវិនិយោគជិត ១២ លានដុល្លារ។

 


ចំណែកគម្រោង ២ ទៀតមាន គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម មានទុនវិនិយោគជាង ៩ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតសម្ភារពីក្រណាត់ សម្រាប់សត្វចិញ្ចឹម មានទុនវិនិយោគជាង ២លានដុល្លារ។

 


ជុំវិញពីការប្រកាសចុះបញ្ជីនៃគម្រោងវិនិយោគនេះថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍនកម្ពុជាធ្លាប់បានអះអាងប្រាប់ភីអិនអិនថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើមានការរំខាល់ដល់សេដ្ឋកិច្ច សកល ក៏ដូចជាកម្ពុជា យ៉ាងណាក្តី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗ មកបណ្តាក់ទុន នៅកម្ពុជា ជាបន្តបន្ទាប់ ពោលគឺជារៀងរាល់សប្តាហ៍ តែងតែមានសំណើរសុំវិនិយោគរបស់អ្នកវិនិយោគមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីធ្វើការអនុម័ត។

 

ឯកឧត្តម សុខ ចិន្តាសោភា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ននូវតែទទួលបានអ្នកវិនិយោគមកស្នើសុំធ្វើការវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ដដែលសម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ នៅបន្តក៏ដោយ ក៏និន្នាការនៃការស្នើសុំវិនិយោគនឹងនៅតែបន្តមានជាហូរហែរដូចកាលពីឆ្នាំ២០១៩ និងឆ្នាំ២០១៨ កន្លងទៅដែរ។

 


សូមជម្រាបថា ក្រៅពីគម្រោងវិនិយោគទាំង ៥ ខាងលើនេះ គឺក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន ១២ ដែលមានទុនវិនិយោគសរុបជាង ៥០ លានដុល្លារ និងអាចបង្កើតការងារជាង ៧ ពាន់ កន្លែងផងដែរកាលពីខែវិច្ឆិកាមុននេះ ៕
 

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024