ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១

មកទល់បច្ចុប្បន្ន ចិនជួយសាងសង់ផ្លូវ និងស្ពានឲ្យកម្ពុជា បានជាង ៣ពាន់គីឡូម៉ែត្រ

០៧ ធ្នូ ២០២០ | ព័ត៌មានជាតិ

មកទល់បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើនបានសាងសង់ផ្លូវសរុបជាង ៣.០០០គីឡូម៉ែត្រ និងស្ពានធំៗ ចំនួន៨ ដែលមានប្រវែងសរុបជាង ៨គីឡូម៉ែត្រ នៅប្រទេសកម្ពុជា។ ផ្លូវ និងស្ពានទាំងនេះ ក្រោមកម្ចីសម្បទានប្រមាណ ៣ពាន់លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។

 


ផ្លូវសរុបជាង ៣.០០០គីឡូម៉ែត្រ និងស្ពានធំៗ ចំនួន៨ ប្រវែងសរុបជាង ៨គីឡូម៉ែត្រ នៅប្រទេសកម្ពុជា ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិនជាច្រើន មកទល់បច្ចុប្បន្ន។ ផ្លូវ និងស្ពានទាំងនេះ ក្រោមកម្ចីសម្បទានប្រមាណ ៣ពាន់លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន ដែលតួលេខនេះ មិនរាប់បញ្ចូលនូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតម្លៃ ២ពាន់លានដុល្លារ ដែលបាននិងកំពុងសាងសង់ដោយក្រុមហ៊ុនចិនផង។

 


នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន រយៈពេលពីរថ្ងៃ ០២-០៣ ខែធ្នូ ឆ្នាំ២០២០។

 


ថ្លែងនៅក្នុងវេទិកានេះ ឯកឧត្តមបានបន្ថែមទៀតថា «ការសិក្សាផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅព្រំដែនវៀតណាម ក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនចិនមួយផ្សេងទៀតដែរ»។

 


ឯកឧត្តមបានគូសបញ្ជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពីព្រោះវាជាកត្តាដែលនាំឲ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ។ 

 


ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមនឹងតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺតម្រូវឲ្យស្វែងរកប្រភពហិរញ្ញប្បទានពីបណ្តាដៃគូអភិវឌ្ឍនានារួមមានដូចជា គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” “ខ្សែក្រវ៉ាត់សេដ្ឋកិច្ចនៃវិថីសូត្រ” “វិថីសូត្រតាមផ្លូវសមុទ្រនៅសតវត្សទី២១”។ លើសពីនេះទៀត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិន (AIIB) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.