ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រសួងសាធារណការ ឲ្យផ្អាកការបង្រៀនបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរ ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ

០៣ ធ្នូ ២០២០ | ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យធ្វើការផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ វិធានការនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

 


ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែធ្នូនេះ បានដាក់ចេញវិធានការផ្អាកដំណើរការប្រឡងយកបណ្ណបើកបរយានយន្ត នៅទីតាំងមជ្ឈមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការទាំងអស់ រយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ រីឯការបណ្តុះបណ្តាលបើកបរយានយន្តនៅតាមសាលា និងសាខាបង្រៀនបើកបរយានយន្តទាំអស់ ក៏ត្រូវផ្អាកជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ ដូចគ្នាដែរ។

 


ក្រសួងបានបញ្ជាក់ថា ការដាក់ចេញវិធានការនេះ ដោយយោងតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីចូលរូមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ តែយ៉ាងណា មន្ត្រីអង្គភាពផ្តល់បណ្ណបើកបរ បានឲ្យដឹងថា ទោះបីផ្អាកការប្រឡងយកបណ្ណបើកបរបណ្តោះអាសន្ន តែមន្ត្រីផ្តល់សេវានៅតែធ្វើការងារជាធម្មតា។

 


ជាការកត់សម្គាល់ គិតមកត្រឹមថ្ងៃនេះ សកម្មភាពបង្រៀន និងបណ្តុះបណ្តាលនានានៅក្នុងរាជធានីភ្នំពេញ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ និងឆ្លងចូលសហគមន៍លើកដំបូង ពីព្រឹត្តិការសហគមន៍២៨វិច្ឆិកា។ ក្រៅពីនេះ ការជួបជុំដែលមានប្រមូលផ្តុំមនុស្សច្រើន រួមទាំងកម្មវិធីផ្សេងៗ ត្រូវបានផ្អាក ឬពន្យារពេលលរាល់សកម្មភាពទាំងអស់ និងត្រូវអនុវត្តវិធានការសុខាភិបាលម៉ឺងម៉ាត់បំផុត។

 


គួរជម្រាបផងដែរថា នេះជាការបិទលើកទីបីហើយ ក្រោយធ្លាប់មានការបិទដូច្នេះចំនួនពីរដងរួចមកហើយ កាលពីកំឡុងពេលកូវីដរីករាលដាលដំបូងនៅកម្ពុជា កាលពីខែមីនា។ បន្ថែមពីវិធានការនេះ សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចក៏ចាប់ដើរល្បាតឃ្លាំមើលនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ដើម្បីកុំឲ្យមានការជួបជុំគ្នាច្រើន៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024