ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញថា ថ្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីប្រទេសចិនមកកម្ពុជាកំពុងហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មាន

០៣ ធ្នូ ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនទំនិញនៅកម្ពុជា នៅតែដំណើរការសកម្មភាពរបស់ខ្លួនជាធម្មតាបើទោះបីជាពេលនេះកម្ពុជាមានការផ្ទុះឡើងនៃអ្នកឆ្លងជំងឺកូវីដ១៩ ក៏ដោយចុះ។

 

ប៉ុន្តែក៏មិនអាចនិយាយបានថា ការវផ្តល់វិស័យសេវាកម្មដឹងជញ្ជូនទំនិញនៅកម្ពុជាមិនរងផលប៉ះពាល់បាននោះដែរ។ ជាក់ស្តែងចាប់តាំងពីខែសីហា ឆ្នាំ២០២០ មកតម្លៃសេវាកម្មដឹកជញ្ជូនទំនិញពីប្រទេសចិនចូលមកកម្ពុជាចាប់ផ្តើមកើនឡើងតម្លៃជាបន្តបន្ទាប់ ដែលធ្វើឲ្យតម្លៃទំនិញនាំចូលពីចិនបន្តហក់ឡើងថ្លៃខ្ពស់ផងដែរសម្រាប់រយៈពេល៤ខែចុងក្រោយនេះនៅក្នុងទីផ្សារប្រទេសកម្ពុជា។


លោក ស៊ិន ចន្ធី ប្រធានសមាគម ភស្តុភាកម្មកម្ពុជាបានប្រាប់ភីអិនអិន នៅថ្ងៃនេះថា គិតចាប់តាំងពីខែសីហាមកតម្លៃសេវាកម្មដឹកទំនិញតាមកប៉ាល់ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ចាប់ផ្តើមកើនឡើងតម្លៃខ្ពស់ជាបន្តបន្តាប់មិនធ្លាប់មាន ដោយបានកើនឡើងថ្លៃរហូត៣ទៅ៤ដង ធៀបនឹងថ្លៃកាលពីពេលធម្មតា។


លោកបញ្ជាក់ថា ការកើនឡើងថ្លៃសេវាកម្មដឹកជញ្ជូននេះបាននឹងកំពុងធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃនាំចូលទំនិញវត្ថុធាតុដើមពីប្រទេសចិន នៅក្នុងទីផ្សារប្រទេសកម្ពុជាដោយបានកើនឡើងថ្លៃទៅតាមថ្លៃដឹកជញ្ជូនផងដែរ។


លោក ស៊ិន ចន្ធី បានឲ្យដឹងទៀតថា ការកើនឡើងថ្លៃសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីចិនមកកម្ពុជា ក៏ដូចទៅប្រទេសមួយចំនួននាពេលនេះដោយសាតែ បញ្ហាកូវីដផ្ទុះឡើងដំបូងនៅប្រទេសចិន ធ្វើឲ្យក្រុមហ៊ុននៅប្រទេសចិនមួយចំនួនបានកាត់បន្ថយសកម្មភាពអាជីវកម្មផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក និងខ្លះទៀតក៏បានកាត់បន្ថយបុគ្គលិកផងដែរ។

 

ប៉ុន្តែមកដល់ពេលនេះចិនអាចគ្រប់គ្រងស្ថានការណ៍កូវីដនេះបានចាប់តាំងពីខែ សីហាមក ចិនស្រាប់តែសំរុកនាំចេញទំនិញយ៉ាងគំហុកតែម្តង ដែលជាហេតុធ្វើឲ្យដំណើរការនាំចេញស្ទះ ព្រោះខ្វះកប៉ាល ដូច្នេះភ្លាមៗនោះតម្លៃសេវាកម្មដឹកជញ្ជូនក៏ចាប់ផ្តើមឡើងថ្លៃខ្ពស់យកតែម្តងទៅ។


លោកអះអាងបន្តថា តម្លៃនេះគឺមិនធ្លាប់មានឡើយធៀបនឹងថ្លៃកាលពេលធម្មតាដែលជាទូទៅ១កុងទ័រនឺ ថ្លៃ ៦០០ដុល្លារ ប៉ុន្តែឥឡូវតម្លៃដឹកជញ្ជូននេះបានកើនរហូងខ្ទង់២០០០ដុល្លារ ពោលគឺកើនឡើង៣ដង។

 

 

ប៉ុន្តែយ៉ាងណាសង្ឃឹមថា ថ្លៃដឹកជញ្ជូនទំនិញនេះនឹងមិនអូសបន្លាយយូរឡើយដោយគិតថាអាចធ្លាក់ថ្លៃមកធម្មតាវិញនៅអំឡុងខែកុម្ភៈឆ្នាំ២០២១ ព្រោះដល់រដូវដែលចិនបន្ថយការនាំចេញវិញ។

 


លោកស៊ិន ចន្ធី បានឲ្យដឹងទៀតថា ថ្លៃសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកនេះគឺបានកើនឡើងថ្លៃតែមកពីប្រទេសចិនប៉ុណ្ណោះ ខណៈថ្លៃសេវាដឹកជញ្ជូនទំនិញនាំចូលតាមផ្លូវទឹកពីប្រទេសផ្សេងៗទៀតគឺនៅរក្សាតម្លៃធម្មតា។

 

 

លោកបន្តថា ក្នុងពេលជាមួយគ្នានេះថ្លៃសេវាកម្មដឹកជញ្ជូនទំនិញពីកម្ពុជាទៅប្រទេសចិនតាមផ្លូវទឹកក៏មានការកើនឡើងដែរ តែពុំមានការកើនឡើងខ្លាំងដូចពីចិនមកកម្ពុជាឡើយពោលគឺកើនត្រឹម២ដងប៉ុណ្ណោះ។

 


យ៉ាងណា តាមការអះអាងរបស់ ប្រធានសមាគម ភស្តុភាកម្មកម្ពុជា បើទោះបីជាមានការកើនឡើងថ្លៃដឹកជញ្ជូនទំនិញពីប្រទេសចិនតាមផ្លូវទឹកមានការកើនឡើងក៏ដោយចុះ ក៏វិស័យដឹកជញ្ជូននៅកម្ពុជាពេលនេះនៅតែដំណើរការសកម្មភាពល្អជាធម្មតា៕
 

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024