ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សេដ្ឋកិច្ចអាមេរិក ចាប់ផ្តើមងើបឡើងវិញ ក្នុងត្រីមាសទី៣ បន្ទាប់ពីធ្លាក់ដុនដាបក្នុងត្រីមាសទី២

២៨ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញនៅក្នុងរបាយការណ៍សេដ្ឋកិច្ចបានឲ្យដឹងថា សេដ្ឋកិច្ចរបស់អាមេរិក នៅក្នុងត្រីមាសទី ៣ ចាប់ផ្តើមប្រសើរឡើងវិញហើយ ដោយធ្លាក់ចុះត្រឹមតែ ៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយតួលេខនេះគឺមានការកើនឡើងខ្លាំងធៀបនឹងត្រីមាសទី ២ ដែលមានការធ្លាក់ចុះជាប្រវត្តិសាស្រ្តដល់ទៅ ៣១% ឯណោះ។

 

នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។



បើតាមការបង្ហាញពី ការិយាល័យវិភាគសេដ្ឋកិច្ចរបស់ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា បើទោះបីជាសេដ្ឋកិច្ចអាមេរិក ចាប់ផ្តើមប្រសើរឡើងវិញនៅក្នុងត្រីមាសទី ៣នេះក៏ដោយ សេដ្ឋកិច្ចជាតិ នៅក្នុងឆ្នាំ ២០២០នេះ នៅតែអាចធ្លាក់ចុះប្រមាណ ៣,៥% ដោយសារតែការញាំញីដោយ វិបត្តិមេរោគកូវីដ១៩។


អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថាការហក់ឡើងវិញយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែការផ្ទុះឡើងនូវ ការចំណាយរបស់ប្រជាពលរដ្ឋអាមេរិក នៅដើមត្រីមាសទី ៣ បន្ទាប់ពីពួកគេ ស្ថិតនៅក្នុងការបិទទ្វារទីក្រុងអស់រយៈពេល ២ខែពេញ ពោលគឺខែឧសភា និងខែមិថុនា។


កំណើននៅក្នុងត្រីមាសទី ៣នេះ ត្រូវបានគេមើលឃើញថា វាជាការបង្ហាញពីការកើនឡើងនូវ ការចំណាយរស់នៅរបស់ប្រជាពលរដ្ឋអាមេរិក ការនាំចេញទំនិញ និងការវិនិយោគរបស់វិស័យឯកជន ខណៈដែលការហក់ឡើងវិញនៃសេដ្ឋកិច្ចនេះ ចាប់ផ្តើមបន្ថយល្បឿនជាបណ្តើរៗហើយ។


នាយកដ្ឋានការងារអាមេរិក បានពន្យល់ដែរថា ចំនួនប្រជាពលរដ្ឋអាមេរិក ដែលបាត់បង់ការងារ ចាប់ផ្តើមកើនឡើងដល់ ៨សែននាក់ហើយក្នុងមួយសប្តាហ៍ ដែលជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា វិបត្តិមេរោគកូវីដ១៩ បានដាក់សម្ពាធយ៉ាងធ្ងន់ដល់ទីផ្សារពលកម្ម។


យ៉ាងណាក៏ដោយ ធនាគារកណ្តាលអាមេរិក បានធ្វើការព្រមានថា សេដ្ឋកិច្ចអាមេរិក នៅតែមានហានិភ័យខ្ពស់ក្នុងការធ្លាក់ចុះខ្លាំង ដោយសារតែ ឱកាសនៃការឆ្លងមេរោគកូវីដ១៩ គឺនៅតែមានច្រើន ជាពិសេសអំឡុងពេលបុណ្យណូអែលនៅក្នុងខែធ្នូ ដែលប្រជាជនអាមេរិក ទំនងជាធ្វើដំណើរកម្សាន្តច្រើន មិននៅផ្ទះនោះទេ ហើយម៉្យាងទៀត វាក់សាំងប្រឆាំងមេរោគក៏ពុំទាន់សម្រេចបាននៅឡើយ។

 


គួរជម្រាបដែរថា រដ្ឋាភិបាលអាមេរិក នៅតែបន្តដាក់ចេញនូវវិធានការគាំទ្រទាំងផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុដល់ ប្រជាពលរដ្ឋអាមេរិក ខណៈចំនួនអ្នកបាត់បង់ការងារធ្វើបានកើនឡើងដល់ ១៤លាននាក់គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024