ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សមត្ថភាពខ្ពស់! អឿន រ៉ូហ្សា ត្រូវផលិតករជើងចាស់ល្បីឈ្មោះ ផ្តល់ទំនុកចិត្តឲ្យសម្តែងតួឯកស្រី

២៧ ​វិច្ឆិកា ២០២០ | កម្សាន្ដ

ពិតជាសមត្ថភាពខ្ពស់ ទោះបីទើបមានបទពិសោធន៍សម្តែងភាពយន្តភាគបាន១រឿងក្ដី តែតារាសម្តែងចំនូលថ្មី សម្បុរសណ្តែកបាយកញ្ញា អឿន រ៉ូហ្សា ត្រូវអ្នកស្រី ពាន់ ភួងបុផ្ផា ផ្តល់ទំនុកចិត្តឲ្យសម្តែងតួឯកស្រី រឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ ។


តារាសម្តែងស្រីសម្បុរសណ្តែកបាយ កញ្ញា អឿន រ៉ូហ្សា ថ្មីៗនេះ ទើបក្តោបបានតំណែងតួឯកស្រីក្នុងភាពយន្តខ្នាតធំមួយរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ក្រោមស្នាដៃ និពន្ធ និងដឹកនាំរឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា។

 

ស្នាដៃដំបូងបង្អស់របស់តារាស្រីរូបនេះនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចំណងជើងថា «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ ដែលបច្ចុប្បន្នក្រុមការងារផលិតកំពុងញាប់ដៃញាប់ជើងថតយ៉ាងសស្រាក់សស្រាំ។


តារាសម្តែងរាងតូចស្រឡឹង អឿន រ៉ូហ្សា និយាយថា នាងសប្បាយចិត្ត រំភើប ហើយមានមោទនភាពខ្លាំងដែលបានរួមសម្តែងក្នុងភាគដែលល្បីល្បាញកាលពីជាង១០ឆ្នាំមុន ពិសេសគឺនេះជាស្នាដៃភាពយន្តភាគចុងក្រោយរបស់អ្នកស្រី ពាន់ ភួងបុប្ផា។

 

ទន្ទឹមការទទួលបានឱកាសជាតួឯកស្រីក្នុងរឿងនេះ សិល្បការនីចំនូលថ្មីរូបនេះ ក៏បង្ហាញអារម្មណ៍សោកស្តាយចំពោះការបាត់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងល្បីល្បាញ ពាន់ ភួងបុប្ផា ពីវិស័យភាពយន្តភាគផងដែរ។



តំណែងតួឯកស្រីដ៏សំខាន់ដែល អ្នកនិពន្ធ និងផលិតករ ផ្តល់ទំនុកចិត្តហើយប្រគល់ឲ្យតារាសម្តែងស្រីរូបនេះ គឺតួ «រាម» ជាគូរនិង តួប្រុសឈ្មោះ «សមុទ្រ» នឹងត្រូវសម្តែងដោយតារាសម្តែង លោក ពៅ ពិសិដ្ឋ។


«ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ ដែលត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន ជាស្នាដៃភាពយន្តភាគទី២របស់កញ្ញា រ៉ូហ្សា។

 

ដោយជឿជាក់លើសាច់រឿង និងស្នាដៃផលិតភាពយន្តរបស់អ្នកនិពន្ធជើងចាស់ ពាន់ ភួងបុប្ផា រួមទាំងសម្តែងប៉ះសិល្បកររៀមច្បងដូចកម្លោះសង្ហា ពៅ ពិសិដ្ឋ ធ្វើឲ្យតារាសម្តែងពន្លកថ្មីរូបនេះ រំពឹង និងជឿជាក់ថារឿងនេះនឹងធ្វើឲ្យប្រជាប្រិយភាពកញ្ញាមានការកើនឡើងនៅពេលចាក់បញ្ចាំងនាពេលខាងមុខ។

 

 

 


សុំជម្រាបថា កញ្ញា អឿន រ៉ូហ្សា ជាតារាសម្តែងចំនូលថ្មីម្នាក់ដ៏មានទេពកោសល្យ។

 

 

 

 

ប្រឡូកសិល្បៈប្រមាណ២ឆ្នាំ រ៉ូហ្សា សម្តែងបានភាពយន្តភាគទូរទស្សន៍១ប៉ុណ្ណោះ ទើបរឿងនេះជាស្នាដៃទី២របស់កញ្ញាក្នុងវិស័យភាពយន្ត។

 

 

 

 

ក្រៅពីភាពយន្តភាគខ្នាតធំនេះ តារាសម្តែងរូបស្រស់នេះ ក៏កំពុងមមាញឹកការងារផ្សេងៗទៀតដែរ មានទាំងភាពយន្តដែលកំពុងចចារ និងការថតស្ពត ជាដើម។

 

 

 

 

ដោយឡែក ទីផ្សារថតវីដេអូចម្រៀង MV វិញនោះ រ៉ូហ្សា មិនមានច្រើនឡើយ ហើយទៅថ្ងៃមុខ តួឯកស្រីរូបនេះ ចង់ចាប់អាជីពពិធីការនី និងតារាចម្រៀងបន្ថែមពីលើអាជីពតារាសម្តែងដែលកំពុងមានស្រាប់នៅពេលនេះ។

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024