ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ដំណើរជីវិត តារាចម្រៀងកូនភ្លោះ Twin Boy ទម្រាំមានឈ្មោះបោះសម្លេងក្នុងរង្វង់សិល្បៈ

២៧ ​វិច្ឆិកា ២០២០ | កម្សាន្ដ

កម្មវិធី «សិល្បៈកម្សាន្ត» ថ្ងៃនេះ នឹងនាំទស្សនិកជនស្គាល់ពីដំណើរជីវិតបងប្អូន២នាក់ដែលគ្រប់គ្នាតែងតែមើលច្រឡំគ្នា នោះគឺតារាចម្រៀងកូនភ្លោះ រហ័នាម Twin Boy តាំងពីផ្តើមចូលសិល្បៈ រហូតមានឈ្មោះបោះសម្លេង និងស្នាដៃថ្មីៗរបស់អ្នកទាំងពីរ។


ស៊ិន សុភា និង ស៊ិន សុភ័ក្រ្ត ជាតារាចម្រៀងកូនភ្លោះ ឬក្នុងរង្វង់សិល្បៈកម្ពុជា គ្រប់គ្នាស្គាល់ជា តារាចម្រៀង Twin Boy។ តារាចម្រៀងវ័យក្មេងទាំងពីររូបនេះបានតស៊ូពុះពារគ្រប់ឧសគ្គមុននឹងមានឈ្មោះបោះសំឡេងមកទល់នឹងប្ចុប្បន្ន។


ស៊ិន សុភា និង ស៊ិន សុភ័ក្រ្ត ជាតារាចម្រៀងមានដើមកំណើតចេញមកពីខេត្តបាត់ដំបង ដោយ ស៊ិន សុភា ត្រូវជាបង ព្រោះគេបានកើតប៉ុន្មាននាទីមុន ទើប សុភ័ក្រ្ត កើតពីផ្ទៃម្តាយមកតាមក្រោយ។ អ្នកទាំងពីរ ជាកូនទី៤ ក្នុងចំណោមបងប្អូនប្រុសស្រី ចំនួន៥នាក់។


ហេតុតែជាកូនភ្លោះ សុភា និង សុភ័ក្រ្ត ត្រូវម្តាយរៀបចំទុកដាក់គ្រប់យ៉ាងឲ្យដូចគ្នាតាំងពីកុមារភាព។ មិនត្រឹមមានមុខមាត់ដូចគ្នា កូនភ្លោះទាំងពីរ ថែមទាំងមានអត្តចរិកស្រដៀងគ្នាខ្លាំង និងនិស្ស័យសិល្បៈដូចគ្នាពីកំណើតទៀតផង។ 


រំលឹកដល់អតីតកាលក្នុងវ័យកុមារភាព ក្រៅពីការសិក្សា ពីរនាក់បងប្អូនភ្លោះនេះ ចូលចិត្តបបួលគ្នាទៅស្រែកច្រៀងជាញឹកញាប់ មិនថាខាងអ្នកផ្តើមមុននោះទេ ម្នាក់ទៀតតែងយល់ស្របតាមព្រោះជាចំនូលចិត្តដូចគ្នា។

 

ព្រោះចិត្តស្រលាញ់ការច្រៀងខ្លាំង អំឡុងឆ្នាំ២០០៧ កូនភ្លោះទាំងពីរ បានដាក់ពាក្យប្រកួតកម្មវិធីចម្រៀងប្រចាំខេត្ត ដោយកាលនោះ កូនភ្លោះត្រកូល «ស៊ិន» ពីរនាក់បងប្អូន បានជោគជ័យដល់វគ្គចុងក្រោយ តែគួរឲ្យសោកស្តាយទាំងពីរនាក់ក៏ត្រូវឈប់កណ្តាលទី ដោយសារតែកំពុងស្ថិតក្នុងវ័យសិក្សា។ 


អំឡុងពេលចម្រើនវ័យ ទាំងពីរនាក់បងប្អូនបានផ្លាស់ប្តូរទីលំនៅ ម្តងខេត្ត ម្តងក្រុងជាច្រើនដង ចុងបញ្ចប់ទើបឡើងមករស់នៅជាប់លាប់ក្នុងរាជធានីភ្នំពេញពេលផ្តើមសិក្សាថ្នាក់មហាវិទ្យាល័យ ហើយឆ្នាំនោះ ក៏ជាឆ្នាំផ្តើមប្រឡូកអាជីពពិធីកររបស់បងប្អូនភ្លោះ២នាក់នេះដូចគ្នា។


ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ តារាចម្រៀងកូនភ្លោះ សុភា និង សុភ័ក្រ្ត ដែលគេឯងតែងច្រឡំ បានផ្តើមចូលវិស័យសិល្បៈបានប្រមាណជិត១ទសវត្សហើយ គិតមកដល់បច្ចុប្បន្ននេះ។

 

បន្ទាប់ពីការចូលសិល្បៈដំបូង គឺអ្នកទាំងពីរបានដាក់ពាក្យ ចូលប្រឡងក្នុងកម្មវិធីប្រឡងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដល់ទៅ២ នៅអំឡុងចុងឆ្នាំ២០១២។

 

ឆ្នាំ២០១២ ទៀតសោត ជាពេលដែលបងប្អូនទាំងពីរនាក់ចាប់យកការច្រៀង ក៏ជាពេលដែលទទួលបានរហ័សនាមជាតារាចម្រៀងកូនភ្លោះ Twin Boy។ ស្នាដៃចម្រៀងដំបូងរបស់ ជាតារាចម្រៀងកូនភ្លោះ Twin Boy ចំណងជើងថា «សង្រា្គមស្នេហ៍បងប្អូនភ្លោះ»។


អតីតកាល ជាតារាចម្រៀងកូនភ្លោះ Twin Boy ធ្លាប់ធ្វើជាពិធីករលើកញ្ចក់ទូរទស្សន៍ ក៏ធ្លាប់ធ្វើជាតារាបង្ហាញម៉ូដ Sapors Modeling Agency (model) ផងដែរ។ ប៉ុន្មានឆ្នាំក្រោយការប្រកួត បងប្អូនភ្លោះទាំងពីរក៏បានចាប់ផ្តើមកម្រើកទីផ្សារកាន់តែខ្លាំង ដោយទទួលបានការហៅឡើងសម្តែង-ច្រៀង និងដើរម៉ូដនៅ លើកញ្ចក់ទូរទស្សន៍មួយចំនួន។

 

មិនតែប៉ុណ្ណោះ ក៏មានការថតសម្តែង ឈុតកាយវិកាខារ៉ាអូខេឲ្យផលិតកម្មក្នុងស្រុកមួយចំនួនទៀត។


ពីមុនតារាចម្រៀងកូនភ្លោះ Twin Boy ធ្លាប់ជាតារាចម្រៀងប្រចាំផលិតកម្ម 7Music ប៉ុន្តែបច្ចុប្បន្ន បងប្អូនភ្លោះនេះបានផ្តាច់ខ្លួនមកជាតារាចម្រៀងឯករាជ្យហើយ ដោយផលិតបានស្នាដៃចម្រៀងមិនចម្លងពីគេជាច្រើនទៀតផងកាលពីពេលកន្លងទៅ។


ប្រឡូកសិល្បៈច្រើនកន្លង តារាចម្រៀងកូនភ្លោះ Twin Boy មិនចង់បានអ្វីច្រើននោះទេ តែក៏គ្មានបំណងបោះបង់អាជីពនេះឡើយ បើទោះបីបច្ចុប្បន្ន អ្នកទាំងពីរ មានតួនាទីការងារមន្ត្រីរាជការ ជាប៉ូលីសនគរបាលដ៏មមាញឹកក៏ដោយ តែរឿង   ម៉្យាងដែលច្រើនឆ្នាំមកហើយ សុភា និង សុភ័ក្រ្ត មិនដែលធ្វើនោះគឺ ការប្រឡូកវិស័យភាពយន្ត។

 


ដំណើរហែលឆ្លងវិថីសិល្បៈជាយូរ Twin Boy មិនជួបឧបសគ្គច្រើនក្រាស់ក្រែលនោះទេ បែរសល់អនុស្សាវរីយ៍ច្រើនរាប់មិនអស់។ ក្នុងនោះក៏លាយឡំដោយពាក្យមន្ទិលជាច្រើនផងដែរ។
 


ប្រឡូកសិល្បៈជិត១ទសវត្ស តារាចម្រៀងកូនភ្លោះ Twin Boy សុភា និង សុភ័ក្រ្តបន្សល់បានស្នាដៃចម្រៀងជាច្រើនបទ។ ឆាប់ៗនេះ Twin Boy នឹងបញ្ចេញចម្រៀងថ្មីចំនួន១០បទ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងប្រជាប្រិយភាពរបស់ខ្លួន។ ចម្រៀង១០បទនោះ មានទាំងចង្វាក់ញាក់ និងសង់ទីម៉ង់បែបស្លូ។

 


ប្រហែលមានអ្នកគាំទ្រជាច្រើនបានដឹងហើយ ក្នុងចំណោមបងប្អូន សុភា និង សុភ័ក្រ្ត មានម្នាក់ជាគូរដណ្តឹងរបស់តារាចម្រៀងស្រី កញ្ញា គង់ ចាន់រដ្ឋា ម្នាក់នោះគឺម្នាក់ជាបងប្រុស ស៊ិន សុភា ដោយចំណងស្នេហ៍គូស្នេហ៍អ្នកចម្រៀងប្រុសស្រីនេះ កាន់ឆ្នាំចាស់វស្សាណាស់ហើយ ហើយក៏គ្រោងដឹកដៃគ្នាចូលរោងការឆាប់ៗនេះដែរ។

 

ចំណែក ស៊ិន សុភ័ក្រ ក៏បង្ហើបឲ្យដឹងដែរថា បច្ចុប្បន្នខ្លួនក៏ម្ចាស់ថ្នមបេះដូងរួចហើយដែរ តែសុំលាក់សមាសភាពសិន។

 

 

ជាកូនភ្លោះ អ្វីៗដូចគ្នាស្ទើរគ្រប់យ៉ាង ឯរឿងស្នេហា និងការរៀបការ ក៏មានគម្រោងចង់រៀបការថ្ងៃជាមួយគ្នាដែរ។ និយាយពីរឿងនេះ ស៊ិន សុភា ដែលជាបងក៏ឲ្យដឹងថា មានបំណងប៉ុន្តែទាស់ត្រង់ស្នេហា សុភា មិនដឹងពេលណាទើបយល់ចិត្តអាចរៀបការ តែលោកនិងគូដណ្តឹង ស្វែងយល់ចិត្តគ្នាយូរណាស់ហើយ ទើបប្រហែលពិបាក។

 

 

 

អត្ថបទ៖ រ៉ាត់ ចានធីតា  រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024