ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ប្រជាពលរដ្ឋរស់នៅតំបន់ជាយភ្នំពេញ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់យ៉ាងយូរត្រឹមឆ្នាំ ២០២៣

២៧ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុង នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់យ៉ាងយូរត្រឹមឆ្នាំ២០២២ ឬ២០២៣ ខាងមុខ ។ អាជ្ញាធរបានបញ្ជាក់ទៀតថា រោងចក្រផលិតទឹកស្អាតទី៤ ជំហានទី១នៅសង្កាត់បាក់ខែង ក៏គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ។

 


ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានអះអាងថា យ៉ាងយូរត្រឹមឆ្នាំ២០២៣ខាងមុខ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជាយរាជធានីភ្នំពេញ ដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល  និងខណ្ឌព្រែកព្នៅជាដើម នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដោយមិនជួបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតទេ។ ការអះអាងដូចនេះបានធ្វើឡើងនៅក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅខណ្ឌពោធិសែនជ័យ។ 

 


ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងកសាងស្ថានីយផលិតទឹកស្អាតនៅបាក់ខែងដែលនឹងរួចរាល់នៅឆ្នាំ២០២៣ អាចឆ្លើយតបជាមួយនឹងតំរូវការ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបាន។ អាជ្ញាធរក៏មានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការដោះស្រាយបញ្ហាតម្រូវការទឹកស្អាតជូនប្រជាពលរដ្ឋ ដែលរស់នៅនៅតំបន់ជាយក្រុង ហើយការងារនេះត្រូវអនុវត្តន៍ជាជំហានៗ ស្របពេលដែលរាជរដ្ឋភិបាល កំពុងជំរុញការបង្កើតស្ថានីយទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញតំរូវការរបស់ប្រជាពលរដ្ឋ ។

 


គួរបញ្ជាក់ថា ក្នុងមួយថ្ងៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចមានសមត្ថភាពផលិតទឹកស្អាតបានជាង ៦០ម៉ឺនម៉ែត្រគូប ខណៈដែលតម្រូវការទឹកមានកើនឡើងរហូតដល់ជាង៧០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ តាមគម្រោងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចមានសមត្ថភាព ផលិតទឹកស្អាតបានប្រមាណ១លានម៉ែត្រក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ នៅពេលអាងផលិតទឹកស្អាតចំនួន២ទៀត សាងសង់រួចរាល់ជាស្ថាពរ៕

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024