ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កូរ៉េ នៅតែទទួលពលករកម្ពុជា ទោះក្នុងដំណាក់កាលកូវីដ-១៩

២៧ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

ទោះបីស្ថិតក្នុងដំណាក់កាលពិបាកដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ សាធារណរដ្ឋកូរ៉េ នៅតែព្រមទទួលយកពលករកម្ពុជា ឱ្យធ្វើការនៅប្រទេសខ្លួន ដោយសារនិយោជកពេញចិត្តនឹងសមត្ថភាព ភាពស្មោះត្រង់របស់ពលករកម្ពុជា ខណៈពេលបច្ចុប្បន្នពលករកម្ពុជាប្រមាណជិត ៥០,០០០ នាក់ កំពុងបម្រើការងារលើវិស័យនានា នៅប្រទេសកូរ៉េ​។

 

 

នេះជាខ្លឹមសារក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយលោកPark Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

 

រដ្ឋមន្ត្រីក្រសួងការងារឯកឧត្ដម អ៊ិត សំហេង បានបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េមានភាពស្អប្រសើរតាំងពីឆ្នា១៩៩៧មកម៉្លេះ។ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េក្នុងឆ្នាំ២០១៩ បានឈានដល់ជាង ១,៥០០ លានដុល្លារអាមេរិក។ ទុនវិនិយោគមកពីប្រទេសកូរ៉េនៅកម្ពុជាមានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិក គិតមកដល់ពេលបច្ចុប្បន្ននេះ និងបានធ្វើឲ្យកូរ៉េក្លាយជាប្រទេសទី២ ក្នុងការវិនិយោគនៅកម្ពុជា។

 

 

កម្ពុជា និងកូរ៉េកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីឈានទៅចុះហត្ថលេខាដាក់ឱ្យដំណើរការជាធរមាន នាពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានការកើនឡើង ហើយវិនិយោគិនកូរ៉េ ក៏នឹងមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើនទៀត។

 

 

រដ្ឋមន្ត្រីដដែលអះអាងថា នឹងខិតខំពិនិត្យ ដោះស្រាយ គាំទ្រឲ្យកាន់តែប្រសើរថែមទៀតទៅលើកិច្ចសម្រួលពាណិជ្ជកម្មនានាពាក់ព័ន្ធទៅនឹងអ្នកវិនិយោទុនកូរ៉េ ដែលមានបំណងចូលមកធ្វើការវិនិយោគនៅកម្ពុជា។ យ៉ាងណាលោកបានលើកឡើងនូវគុណសម្បត្តិជាច្រើនរបស់កូរ៉េបានចូលរួមជួយដល់វិស័យបណ្ដុះបណ្ដាល និងការងារ មកដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងបេឡាជាតិសន្តិសុខសង្គមជាដើម។

 

កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន ១៥ ផ្សេងទៀតក្នុងការបញ្ជូនពលករធ្វើការនៅទីនោះ ដោយសារកម្ពុជាមានស្ថានភាពកូវីដល្អប្រសើរ មានជើងហោះហើរច្រើន។

 

 

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ពលករកម្ពុជាមានចំនួនច្រើនជាងគេក្នុងចំណោមពលករដែលធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០នេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែអនុញ្ញាតទទួលពលករកម្ពុជាដដែល។ លោកទូតបានបញ្ជាក់ថា មូលហេតុដែលកូរ៉េអនុញ្ញាតទទួលពលករកម្ពុជាយ៉ាងដូច្នេះ គឺដោយសារនិយោជកមានការពេញចិត្តនឹងសមត្ថភាពខ្ពស់របស់ពលករកម្ពុជា មានភាពស្មោះត្រង់នឹងការងារ និងអនុវត្តតាមការណែនាំផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកូរ៉េបានយ៉ាងហ្មត់ចត់។

 

 

សូមជម្រាបថា ចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុបជិត៧ម៉ឺននាក់ ស្រីជាង១៤០០០ នាក់ ឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ដែលរួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល៥ឆ្នាំ៕

 

អត្ថបទ និងរូបភាព៖ សំ ជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024