ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

វិនិយោគិនទទួលបានអត្តសញ្ញាណវិនិយោគ កើនឡើងជាង ៣៣ភាគរយនៅត្រីមាសទី៣

២៦ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

គណៈកម្មការមូលបត្រកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះទីផ្សារមូលបត្រកម្ពុជាចាប់ផ្តើមមានភាពសកម្មខ្លាំង និងរីកចម្រើនជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនចុះបញ្ជីក៏បានកើនឡើងគួរឲ្យគត់សម្គាល់ដែរ។

 

ជាក់ស្តែងគិតមកដល់ចុងត្រីមាសទី៣ ឆ្នាំ២០២០ នេះអតិថិជនសរុបដែលទទួលបានលេខអត្តសញ្ញាណវិនិយោគិនពីគណៈកម្មការមូលបត្រកម្ពុជាមានចំនួនកើនដល់ជាងជិត ២ម៉ឺន៦ពាន់នាក់ហើយ ខណៈវិនិយោគិនដែលមានការជួញដូរក៏មានការកើនឡើងផងដែរ។
 

ព្រឹតិបត្តិស្តីពីវិនិយោគិន និងការវិនិយោគរបស់គណៈកម្មការមូលបត្រកម្ពុជាដែលបានចេញផ្សាយថ្មីៗនេះ បានគូសបញ្ជាក់ថា គ្រាន់តែក្នុងត្រីមាសទី៣ ឆ្នាំ២០២០ នេះវិនិយោគិនដែលទទួលបានអត្តសញ្ញាណវិនិយោគមានចំនួនជាង ១ពាន់វិនិយោគិនដែលមានការកើនឡើងជាង ៣៣ភាគរយ ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។

 


ទោះយ៉ាងណា បើតាមអ្នកជំនាញនៅក្នុងទីផ្សារមូលបត្រអះអាងថា បើទោះបីជានៅឆ្នាំ២០២០ នេះមានក្រុមហ៊ុនជាច្រើនមកប្រកាសចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាក៏ដោយ តែការជួញដូរភាគហ៊ុនមានការធ្លាក់ពីទំហំជួញដូរជាមធ្យមខ្ទង់១៥ម៉ឺនដុល្លារ មកនៅត្រឹម១៣ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។

 


បើតាមព្រឹតិបត្តិស្តីពី វិនិយោគិន និងការវិនិយោគរបស់គណៈកម្មការមូលបត្រកម្ពុជាបង្ហាញថា នៅត្រីមាសទី៣ ឆ្នាំ២០២០នេះ មានវិនិយោគិនមកបើកគណនីយជួញដូរនៅតាមបណ្តាក្រុមហ៊ុនមូលបត្រទាំងអស់សរុបមានជាង ១ពាន់គណនីជួញដូរ ធៀបនឹងត្រីមាសទី២ មានការថយចុះជាង១០០ គណនី និងប្រតិបត្តិទូទាត់ថយចុះ៣៧ភាគរយ។

 


ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា ធ្លាប់បានលើកឡើងថា ស្របពេលដែលវិស័យផ្សេងៗទៀតនៅតែដំណើរទៅមុខដោយរលួន ឯកឧត្តម នៅតែរំពឹងខ្ពស់ថា ទីផ្សារមូលបត្រកម្ពុជានៅតែបន្តការរីកចម្រើនទៅមុខ ដែលជាក់ស្តែងផ្សារភាគហ៊ុនកម្ពុជានៅតែមានក្រុមហ៊ុនថ្មីៗចាប់អារម្មណ៍មកចុះបញ្ជី  និងកំពុងធ្វើការងារជាមួយគ្នាជាបន្តបន្ទាប់ ដោយគិតថា នៅដើមឆ្នាំ២០២១ នឹងមានក្រុមហ៊ុនថ្មីចំនួន២ បន្ថែមទៀតចូលផ្សារភាគហ៊ុនកម្ពុជា៕
 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024