ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

៥ឆ្នាំចុងក្រោយ ជនជាតិវៀតណាមជាង ៥លាននាក់រស់នៅក្រៅប្រទេស រកចំណូលបានជាង ៧១ពាន់លានដុល្លារ

២៦ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយគិតចាប់ពីឆ្នាំ ២០១៥ មកដល់ឆ្នាំ ២០២០នេះ ប្រជាជនវៀតណាម ដែលរស់នៅ និងធ្វើការក្រៅប្រទេសបានកើនឡើងដល់ ៥លាន ៣សែននាក់ នឹងបានរកប្រាក់ចំណូលជាង ៧១ពាន់លានដុល្លារអាមេរិក ផ្ញើមកកាន់ប្រទេសវៀតណាម ដែលមានកំណើនជាមធ្យម ៦% ក្នុងមួយឆ្នាំ។

 

នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


បើតាមក្រសួងការបរទេសវៀតណាម បានគូសបញ្ជាក់ថា សហគមន៍វៀតណាមនៅក្រៅប្រទេស បានចាប់ផ្តើមរីកចម្រើនកាន់តែខ្លាំង ហើយវៀតណាម ក៏ចាប់ផ្តើមពង្រឹងជំហររបស់ខ្លួននៅលើឆាកអន្តរជាតិដែរ។


ជាក់ស្តែង ក្នុងឆ្នាំ ២០១៥ ប្រជាជនវៀតណាមជាង ៤លាន ៥សែននាក់ បានរស់នៅក្នុងប្រទេសចំនួន ១០៩ប្រទេសនិងតំបន់ ដែលមានការកើនឡើងប្រមាណ ៨សែននាក់ គិតមកទល់ឆ្នាំ២០២០នេះ ហើយក្នុងនោះ ជនជាតិវៀតណាមជាង ៥សែននាក់ ធ្វើការនៅក្នុងផ្នែកជំនាញនៅក្រៅប្រទេស។

 


លើសពីនេះ ប្រាក់ចំណូលជាង ៧១ពាន់លានដុល្លារអាមេរិក ដែលផ្ញើមកកាន់ប្រទេសវៀតណាម បានជួយធ្វើឲ្យប្រសើរឡើងនូវ សមតុល្យនៃការទូទាត់ និងជួយបង្កើនប្រាក់បម្រុងរូបិយបណ្ណបរទេស ជាពិសេសគឺគាំទ្រដល់ ជនជាតិវៀតណាមដែលរស់នៅបរទេស។

 


គួរជម្រាបដែរថា គិតត្រឹមខែតុលា ឆ្នាំ២០២០នេះ ជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅក្រៅប្រទេស បានចូលរួម ក្នុងគម្រោងវិនិយោគដោយផ្ទាល់ចំនួន ៣៦២គម្រោង ដែលមានដើមទុនចុះបញ្ជីសរុប ១ពាន់ ៦រយលានដុល្លារអាមេរិក ហើយភាគច្រើននៃជនជាតិវៀតណាម ដែលត្រលប់មកប្រទេសវិញ គឺបានបង្កើតគម្រោងវិនិយោគធំៗជាច្រើន ជាពិសេសគឺការពាំនាំមកនូវ បច្ចេកវិទ្យា និងចំណេះដឹងថ្មីៗ៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024