ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ជប៉ុនតាមរយៈ JICA បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

២៦ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ការលើកឡើងនេះ ក្នុងជំនួបរវាងរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ជាមួយអតីតប្រធានតំណាង JICA និងប្រធានតំណាង JICA ដែលទើបទទួលការតែងតាំងថ្មី កាន់ការងារនៅកម្ពុជា។ 

 


ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) ដែលបានផ្តល់នូវជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

 


ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមបានទទួលជួបពិភាក្សាការងារ និងជម្រាបលាពីលោក Sugano Yuichi អតីតប្រធានតំណាង JICA និងជំនួបសម្តែងការគួរសមពីលោកស្រី Kamei Haruko ប្រធានតំណាង JICA ថ្មី ដែលទើបនឹងទទួលការតែងតាំង អមដោយជំនាញការទទួលបន្ទុកគោលនយោបាយដឹកជញ្ជូន និងភស្តុភារកម្ម នៅថ្ងៃទី២៤ ខែវិច្ឆិកា។

 


ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ លោក Sugano Yuichi ក្នុងការជួយគាំទ្រដល់ការគៀងគរ និងស្វែងរកការគាំទ្រពីជប៉ុនក្នុងការផ្តល់នូវហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាក់ស្តែង ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណដល់ជប៉ុន ដែលផ្តល់នូវគ្រឿងចក្រសម្រាប់សាងសង់ផ្លូវដល់ក្រសួង ចំពេលដែលក្រសួងត្រូវការជាចាំបាច់ក្នុងការបញ្ជូនទៅសម្រាប់ការសាងសង់ផ្លូវទាំង ៣៨ខ្សែនៅសៀមរាប។

 


នៅក្នុងជំនួបនេះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ បានជម្រាបជូនអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗហិរញ្ញប្បទានដោយJICA រួមមាន ការសាងសង់ផ្លូវជាតិលេខ៥ ដែលជាឆ្អឹងខ្នងរបស់ប្រទេស ក្នុងការតភ្ជាប់ជាមួយបណ្តាប្រទេសដទៃទៀតក្នុងតំបន់ រួមមាន ថៃ វៀតណាម និងមីយ៉ាន់ម៉ា និងស្ពានត្សឹបាសា (ស្ពានអ្នកលឿង) នៅផ្លូវជាតិលេខ១ ដែលផ្នែកមួយនៃផ្លូវល្បឿនលឿនរបស់អាស៊ាន (AH1)។ 

 


ទន្ទឹមនឹងនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជម្រាបជូនថា ទីតាំងថ្មីរបស់ក្រសួងបានរៀបចំជិតរួចរាល់ហើយ រួមមាន អាគារធំ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន និងស្នើសុំឲ្យ JICA ជួយក្នុងការកសាងសមត្ថភាពមន្ត្រីក្រសួង ដោយផ្តល់នូវវគ្គបណ្តុះបណ្តាលរយៈពេលខ្លី មួយឬពីរសប្តាហ៍។ ឯកឧត្តមក៏បានលើកឡើងអំពីការផ្តល់ជូននូវឧបករណ៍ និងគ្រឿងចក្រសម្រាប់សាងសង់ ដែលមានទឹកប្រាក់សរុប ៨លានដុល្លារអាមេរិក ដល់មន្ទីរសាធារណការ និងដឹកជញ្ជូននៅទូទាំងប្រទេសផងដែរ៕

 

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ផ្តល់ដោយជំនាញ និងឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024