ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

គម្រោងសិល្បៈ ស-ស  ធ្វើពិធីតាំងពិព័រណ៍ដេញថ្លៃស្នាដៃសិល្បៈសហសម័យធំលើកដំបូងអបរខួប ១០ ឆ្នាំ 

២៥ ​វិច្ឆិកា ២០២០ | កម្សាន្ដ

កម្មវិធីតាំងពិព័រណ៍ និង ដេញថ្លៃស្នាដៃសិល្បៈសហសម័យសិល្បករចំនួ ៨៣ រូប ដើម្បីរកប្រាក់ទ្រទ្រង់គម្រោងសិល្បៈ ស-ស ទទួលបានការចាប់អារម្មណ៍ខ្លាំង ។ 



ជាលើកដំបូងហើយសម្រាប់គម្រោងសិល្បៈ ស-ស រៀបចំកម្មវិធីពិព័រណ៍ ដ៏ធំប្រចាំឆ្នាំ និងដាក់ដេញថ្លៃនៃស្នាដៃសិល្បៈសហសម័យ ដែលមាការចូលរួមពីសិល្បករ ៨៣ រូបមកពីក្នុងនិងក្រៅប្រទេស ដើម្បីប្រមូលថវិការសម្រាប់ទ្រង់ស្ថាប័នរបស់ខ្លួន ។ 

 

 


ពិព័រណ៍នេះបានរៀបចំឡើងកាលពីថ្ងៃ ១៤ខែ វិច្ឆិកាកន្លងទៅនៅវិចិត្រសាល Factory Phnom Penh  ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការីនី និងភ្ញៀវជាតិ អន្តរជាតិជាច្រើន  ហើយពិព័រណ៍នេះនិងបញ្ចប់នៅបំណាច់ខែ វិច្ឆិកា ខាងមុខនេះ ។

 

 

 

បើតាមសម្តីអ្នកនាង ជុំ ច័ន្ទវាសនា ជាអ្នកគ្រប់គ្រង់ក្នុងស្ថាប័ន ស-ស បានឱ្យដឹងថា តាមពិតស្ថាប័នអ្នកនាងមានគម្រោងនឹងរៀបចំពិធីតាំងពិព័រណ៍នេះឱ្យមានលក្ខណៈ ធំដុំ និងអញ្ជើញអ្នកចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែដោយសារពេលនោះ រដ្ឋាភិបាល ប្រកាសមិនឱ្យមានការជួបជុំគ្នាច្រើន ទើបក្រុមការងារអ្នកនាងរៀបចំតាមលក្ខណៈធម្មតា តែទោះជាយ៉ាងក៏មានភ្ញៀវចូលរួមទស្សនាច្រើនជាហូហែរ ។ 

 

 


អ្នកនាង ជុំ ច័ន្ទវាសនា បានបន្តទៀតថា គម្រោងសិល្បៈ ស-ស បានបើកដំណើរការ ១០ ឆ្នាំមកហើយ ហើយនេះក៏ជាលើកដំបូងដែលយើងរៀបចំពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះឡើងក្នុងគោលបំណងស្វែងរកថវិការជួយទ្រទ្រង់ស្ថាប័នខ្លួន ។

 


ពិព័រណ៍នេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលរួម ក្នុងនោះមានស្នាដៃរបស់សិល្បករខ្មែរសំខាន់ៗដូចជា ពេជ្រ សុភាព, លាង ស៊ីកន, ខ្វៃ សំណាង, ទិត្យ កន្និដ្ឋា, នាក់ សុផល, ថន សុខ និងសិល្បករអាស៊ីល្បីៗដូចជា ភីណារី សានពិតាក់ (ថៃ), មីត ចៃអីន (ថៃ), អ៊ូដាម ចាន់ងូយិន (វៀតណាម), ង៉ា ឡេ (មីយ៉ាន់ម៉ា), ក្រុមបាគូដាប៉ាន់ (ឥណ្ឌូនេស៊ី) និង ហ៊្សូ ចាវៃ (តែវ៉ាន់) ។ 

 

 

ជាក់ស្តែងក្នុងចំណោម ៨៣ ស្នាដៃនោះ ក៏មានស្នាដៃមួយចំនួនត្រូវបានភ្ញៀវជាតិ និងអន្តរជាតិបានទិញអស់មួយចំនួនផងដែរ ដូចជាស្នាដៃលោក ពេជ្រ សុភាព ដែលគូពីព្រះពុទ្ធក្នុងសម័យ ខ្មែរ ក្រហម ត្រូវបានភ្ញៀវទិញក្នុងតម្លៃជិត ១ ម៉ឺនដុល្លារ ។  

 


គួរបញ្ជាក់ដែរថា គម្រោងសិល្បៈស-ស មិនមែនជាគម្រោងដើម្បីប្រាក់ចំណេញឡើយ គម្រោងនេះគឺដើម្បីពង្រឹងការងារជាមួយសិល្បករក្មេងៗ និងនិស្សិតទើបបញ្ចប់ការសិក្សា ខណៈបន្តកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសិល្បករនៅអាស៊ី តាមរយៈកម្មវិធីសិក្សាអប់រំសិល្បៈ កម្មវិធីពិព័រណ៍ កម្មវិធីសាធារណៈ កម្មវិធីនិវាសដ្ឋានសិល្បៈពិសោធន៍ និងកម្មវិធីសហការពិសេសៗផ្សេងៗទៀត ។ 

 

 

 


ដោយឡែកនៅថ្ងៃបិទពិព័រណ៍នេះផងដែរ គម្រោងសិល្បៈ ស-ស មានគម្រោងនឹងរៀបចំដែលមានលក្ខណៈធំដុំ និងទូលំទូលាយ បន្ទាប់ពីជំងឺ កូវីដ ១៩ មានការធូស្បើយឡើងវិញ ៕

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024