ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

រដ្ឋា​ភិបាល ​នឹង​ធ្វើ​ឲ្យ​ ខេត្ត​ព្រះ​សីហនុ​ ទាំង​មូល​ក្លាយ​ជា​តំបន់ ​សេដ្ឋកិច្ច​ពិសេ​ស​ ដូច​តំបន់​ឧស្សាហ​កម្ម សិន​ចេន​ របស់​ចិន​

៣០ តុលា ២០១៦ | សេដ្ឋកិច្ច

 

រដ្ឋាភិបាលកម្ពុជា ប្រកាសធ្វើឲ្យ ខេត្តព្រះសីហនុ ទាំងមូលក្លាយជា តំបន់ឧស្សាហកម្ម គំរូរបស់ប្រទេស ដែលនឹងយកលំនាំ ការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស «សេនចេន» របស់ចិន។ ខេត្តដែលជាប់ សមុទ្រមួយនេះ មានអំណោយផល ទីតាំងភូមិសាស្រ្តដ៏ធំធេងសម្រាប់ កម្ពុជា ក្នុងការផ្សាភ្ជាប់ ​ពាណិជ្ជកម្មរបស់ខ្លួន ទៅក្នុងតំបន់ ខណៈដែល កម្ពុជា នឹងចូលរួមក្នុងសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន ចាប់ពីចុងឆ្នាំ ២០១៥ នេះតទៅ។

គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេស គំរូនៅខេត្តព្រះសីហនុ មួយនេះបានដាក់ចូលជាផែនការ អទិភាពរបស់រដ្ឋាភិបាលរួចហើយ ក្នុងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥ - ២០២៥។  រដ្ឋាភិបាលរំពឹងថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងរួមចំណែកជំរុញ ប្រភេទឧស្សាហកម្ម នៅកម្ពុជាកាន់តែ ចម្រុះឡើង បន្ថែមពីប្រភេទឧស្សាហកម្ម រោងចក្រកាត់ដេរ ដែលមានស្រាប់។

ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឲ្យដឹងថា រដ្ឋាភិបាល បានយល់ឃើញ ពីអត្ថប្រយោជន៍ ក្នុងការបង្កើត តំបន់សេដ្ឋកិច្ចពិសេស សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសបានស្ញប់ស្ញែង ពីការអវត្តន៍យ៉ាង ជោគជ័យរបស់ប្រទេសចិន ដែលបានបង្កើត តំបន់សេដ្ឋកិច្ចពិសេស សេនចេន ហើយធ្វើឲ្យវិស័យឧស្សាហកម្ម រីកចម្រើនយ៉ាងខ្លាំង។ លោកបន្តថា ខេត្តព្រះសីហនុ គឺជាទីតាំងដែលល្អឥតខ្ចោះ ដើម្បីឲ្យកម្ពុជាអាចបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដោយជោគជ័យ។

តំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងវិនិយោគ ដែលបង្កើតឡើងសម្រាប់ ទាក់ទាញវិនិយោគផ្ទាល់ ពីបរទេស ដែលជាទូទៅរដ្ឋាភិបាល បានផ្តល់លក្ខ័ណ្ឌលើកទឹកចិត្ត ផ្សេងៗដូចជា ការអនុគ្រោះពន្ធ ការបម្រើជូនសេវា ច្រកចេញចូលតែមួយ ការសម្រួលបែបបទនាំចេញ នាំចូលទំនិញ ការសម្រួល បែបបទរដ្ឋបាលនានា និង លក្ខ័ណ្ឌផ្សេងៗទៀតជាច្រើន ដើម្បីជំរុញសកម្មភាព វិនិយោគ។

លោក ហ៊ីរ៉ូស៊ិ យូអ៊ីម៉ាត់ស៊ុ អគ្គនាយក តំបន់សេដ្ឋកិច្ចពិសេស ក្រុងភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចធំជាងគេ នៅកម្ពុជាបានបង្ហាញ ពីសុទិដ្ឋិនិយម ​​ពីបរិយាកាសវិនិយោគ នៅកម្ពុជាខណៈ ដែលតំបន់របស់លោក បានរីកចម្រើន ជាបន្តបន្ទាប់។

លោកថា កម្ពុជានឹងអាចចាប់យក ឱកាសនៃការធ្វើ សមាហរណកម្ម សេដ្ឋកិច្ចតំបន់ ដើម្បីធ្វើពិពិធកម្ម ផ្នែកសេដ្ឋកិច្ច និងធ្វើឱចំនួនវិនិយោគ បរទេសនៅកម្ពុជា កាន់តែចំរុះឡើង»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីចុងខែសីហា បានប្រកាសដាក់ឲ្យអនុវត្តន៍ គោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម ដែលជាផែនទីចង្អុលផ្លូវ ដ៏ថ្មីសន្លាងមួយសម្រាប់ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៅកម្ពុជា។ ការបញ្ចុះថ្លៃអគ្គីសនី សម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ការបន្តអភិវឌ្ឍន៍ ប្រព័ន្ធដឹកជញ្ជូន ក្នុងប្រទេស ការយកចិត្តទុកដាក់ បណ្តុះបណ្តាលធនធានមនុស្ស និង ការបង្កើត តំបន់សេដ្ឋកិច្ច គំរូនៅខេត្តព្រះសីហនុ សុទ្ធសឹងជា យុទ្ធសាស្រ្តអទិភាព របស់រដ្ឋាភិបាល ក្នុងគោលនយោបាយនេះ៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024