ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១

ក្រសួងសាធារណការ គ្រោងដាក់ដំណើការមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ និងទីលានប្រឡង នៅ​ដើមឆ្នាំ​ក្រោយ

២០ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ទីលាន​ប្រឡង​ថ្មី​មួយ ​ស្ថិតនៅ​តំបន់​ច្រាំង​ចំរេះ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៥ ​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​នេះ ត្រូវបានសាងសង់ឡើងតាមស្តង់ដាអន្តរជាតិ ដើម្បីបំពេញតម្រូការអ្នកជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់ និងកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍បង្កឡើង​ដោយ​រថយន្ត​ធុន​ធ្ងន់​នៅកម្ពុជា។

 

 

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ទីលាន​ប្រឡង​ថ្មី​មួយ​ស្ថិតនៅលើ​ផ្ទៃដី​ ១ហិកតា ​នៅតំបន់​ច្រាំង​ចំរេះ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​១៥ ​រាជធានី​ភ្នំពេញ​។ គិតមកដល់​ពេល​នេះ ការសាងសង់​មជ្ឈមណ្ឌល​នេះ សម្រេច​បាន​ប្រមាណ ៩០ភាគរយ​ហើយ​ ដែល​គ្រោង​នឹង​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​ក្រោយនេះ​។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។

 

 

ឯកឧត្តមបានបញ្ជាក់ប្រាប់ភីអិនអិនថា នាពេល​បច្ចុប្បន្ននេះ​ កម្ពុជា​កំពុងមាន​ការខ្វះខាត​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ច្រើន ខណៈ​​រថយន្ត​ធុន​ធ្ងន់​ដែលបាន​ចុះបញ្ជី​នៅ​ក្រសួង​មានប្រហែល​ ៣០ម៉ឺន​គ្រឿង ហើយ​អ្នក​ដែលមាន​បណ្ណ​បើកបរ​រថយន្ត​ប្រភេទនេះ​មាន​ត្រឹមតែជិត​ ២០ម៉ឺន​បណ្ណ​ ឬប្រហែល ៦០ភាគរយប៉ុណ្ណោះ។ ឯកឧត្តមបានបញ្ជាក់ថា ជា​ធម្មតា​បណ្ណ​បើកបរ​គួរតែមាន​ច្រើនជាង​ចំនួន​រថយន្ត ដែលត្រូវ​ចុះបញ្ជី​។ តែ​ផ្ទុយទៅ​វិញអ្នកបើកបរ​ឡានធំនេះ​មាន​ចំនួន​តិចជាង​ទៅវិញ ដែលតម្រូវឲ្យបង្កើតសាលា​នេះ​ឡើង​។

 

 

អគ្គនាយកដឹកជញ្ជូនបានឲ្យដឹងបន្ថែមថា ដោយមានការស្នើសុំពីសមាគមដឹកអ្នកដំណើរ និងសមាគមដឹកទំនិញ នាពេលកន្លងមក ក្រសួងបានបណ្តុះបណ្តាលអ្នកបើកបររថយន្តធុនធ្ងន់ដោយមិនយកថវិកាបានចំនួនជាង ១ពាន់នាក់ផងដែរ។ ការបណ្តុះបណ្តាលរថយន្តធុនធ្ងន់ សំដៅដល់ប្រភេទរថយន្តដឹកទំនិញ (គ) ទំហំលើសពី៣,៥តោន, រថយន្តដឹកអ្នកដំណើរ (ឃ) លើសពី២០នាក់ និងរថយន្តប្រភេទសណ្តោង។

 

 

គួរជម្រាបថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ទីលាន​ប្រឡង​ ត្រូវបានបង្កើតឡើងក្រោមការសហការរវាងក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ជាមួយក្រុមហ៊ុនកាំត្រង់ស៊ីប ដើម្បី​ឲ្យមាន​ស្តង់ដា​មួយ​ច្បាស់លាស់ស្របតាម​ស្តង់ដា​អន្តរជាតិ ដែល​មាន​ទីលាន​ត្រឹមត្រូវ។​ ក្រសួង​រំពឹងថា​ មជ្ឈមណ្ឌល​នេះនឹងឆ្លើយតប​ទៅនឹង​កង្វះខាត​អ្នកជំនាញ​បើកបររថយន្តធុនធ្ងន់ ផ្តល់កន្លែងបណ្តុះ​បណ្តាលដែលមានគុណភាព និងជំនាញច្បាស់លាស់ ព្រមទាំងរួមចំណែក​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍បង្កឡើង​ដោយ​រថយន្ត​ធុន​ធ្ងន់​នៅក្នុងប្រទេស៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ផ្តល់ដោយជំនាញ និងឯកសារ

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.