ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ឧស្សាហកម្មម្ហូបអាហាររងផលប៉ះពាល់តិចតូចដោយសារកូវីដ ១៩

០៨ ឧសភា ២០២០ | សេដ្ឋកិច្ច

ក្រសួងឧស្សាហកម្មកម្ពុជាបានឲ្យដឹងថា ក្នុងអំឡុងនៃវិបត្តិកូវីដ១៩ នេះ ក្រសួងបាននឹង កំពុងធ្វើចំណាត់ថ្នាក់អំពីផលប៉ះពាល់មួយចំនួនមកលើវិស័យឧស្សាហកម្មផលិត កែច្នៃក្នុងស្រុកដែលបានរងផលប៉ះពាល់ខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាលទ្ធផលបង្ហាញឲ្យឃើញថា ឧស្សាហកម្មដែលមិនមែនម្ហូបអាហារត្រូវរងផលប៉ះខ្លាំង ជាងឧស្សាហកម្មម្ហូបអាហារ។


លោក ឡាយ ហ៊ី តំណាងពីក្រសួងឧស្សាហកម្មបានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាន ស្ដីពី គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ SME នៅកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែឧសភា នេះថា ប្រភេទឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងដោយសាតែការរីករាលដាលនៃជំងឺកូវីដ១៩ នេះ គឺជាឧស្សាហកម្មមិនមែនម្ហូបអាហារដែលឧស្សាហកម្មនេះជួបបញ្ហាប្រឈមខ្លាំងផ្នែកទីផ្សារ។

 

លោកបញ្ជាក់ថា បញ្ហាទីផ្សារក៏ជាបញ្ហាមួយសំខាន់ដែរ ដែលជាការកត់សម្គាល់ គឺការចាយវាយសម្រាប់ការទិញម្ហូបអាហារ ក៏ដូចជាទិញវត្ថុប្រើប្រាស់ផ្សេងៗរបស់ពលរដ្ឋពេលនេះស្ថិតនៅក្នុងភាពប្រយ័ត្នប្រយែងខ្ពស់ ខណៈពួកគាត់មិនទាន់អាចដឹងច្បាស់ថា ជំងឺកូវីដ-១៩ នឹងបាត់ទៅវិញនៅពេលណានោះទេ។

 

 

លោកបន្ថែមថា ក្នុងរយៈពេល២ និង៣ខែចុងក្រោយពលរដ្ឋខ្លះបានបាត់បង់ចំណូលរបស់ខ្លួនទាំងស្រុងតែម្តង ដូច្នេះបានជាពួកគាត់ត្រូវត្រៀមថវិការបស់ខ្លួនសម្រាប់ការចាយវាយប្រចាំថ្ងៃតាមការកំណត់ ដែលទាំងអស់នេះបានធ្វើឲ្យចរន្តនៃការផលិតមិនមានតុល្យភាពគ្នារវាង ការផ្គត់ផ្គង់ និងតម្រូវការ។

 

ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធន់តូច និងមធ្យមកម្ពុជាក៏បានបញ្ជាក់ដែរថា ឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងនៅអំឡុងនៃវិបត្តិកូវីដ ១៩នេះគឺឧស្សាហកម្មរោងចក្រកាត់ដេរ ដោយសារតែការបញ្ជាទិញពីក្រៅប្រទេសមួយចំនួនត្រូវផ្អាកមួយរយៈដោយសារជំងឺកូវីដ ១៩ ដូចគ្នាដែរ ប៉ុន្តែចំណែកឧស្សាហកម្មម្ហូបអាហារនៅតែមានតម្រូវការ និងមិនបានទទួលរងផលប៉ះពាល់ខ្លាំងក្លានោះឡើយ។

 

គិតមកដល់ពេលនេះបើតាមលោក ឡាយ ហ៊ី ឧស្សាហកម្មកម្មន្តសាល និងសិប្បកម្មដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា សរុបជាង ៥០ម៉ឺន សហគ្រាស ក្នុងនោះសហគ្រាសខ្នាតមធ្យម ជាង ១ពាន់មូលដ្ឋាន ខ្នាតតូចជិត២ម៉ឺនមូលដ្ឋាន និងសហគ្រាសតូចៗបំផុតមានជាង ៣ពាន់មូលដ្ឋាន៕

 

អត្ថបទ ស៊ឺន សុន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024