ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ សម្រេចផ្អាកសាលាបង្រៀនបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងខេត្កកណ្ដាល

១០ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងនៅទីរួមខេត្កកណ្ដាល រយៈពេល ២សប្តាហ៍។ វិធានការនេះ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ក្នុងសាលា និងការរីករាលដាល ចូលក្នុងសហគមន៍។ 

 


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីពេលនេះតទៅ។

 


សេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានណែនាំដល់សាលាបង្រៀនបច្ចេកទេស និងវិជ្ជាជីវៈ នៅភ្នំពេញ និងខេត្តកណ្ដាល ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ ឬអនឡាញ (ONLINE)។ បើតាមក្រសួងការងារ វិធានការនេះគឺ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការរីករាលដាលក្នុងសហគមន៍។

 


ជាមួយគ្នានេះ ក្រសួងការងារក៏បានណែដល់នាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ បុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត សិក្ខាកាម និងសាធារណជនទាំងអស់ ចូលរួមសហការដោយស្មារតីយោគយល់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានដាក់ចេញដោយការទទួលខុសត្រូវខ្ពស់បំផុត។

 


សូមបញ្ជាក់ថា សាលាបង្រៀនបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ទើបតែត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ កាលពីថ្ងៃទី២១ ខែកញ្ញា បន្ទាប់ពីបានបិទទ្វារអស់រយៈពេលជាច្រើនខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ស្ថានភាពជំងឺកូវីដ១៩ ដែលបាននិងកំពុងផ្ទុះឡើងជាលើកទីពីរនេះ បានធ្វើឲ្យការបណ្ដុះបណ្ដាលត្រូវបានផ្អាកជាថ្មីម្តងទៀត រយៈពេល២សប្តាហ៍ ទៅតាមការជូនដំណឹងរបស់ក្រសួងការងារ៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024