ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ទ័ពមួកខៀវកម្ពុជាដែលបញ្ចប់បេសកកម្មនៅប្រទេសម៉ាលី នឹងត្រូវដាក់ដោយឡែកចំនួន១៤ថ្ងៃ

០៧ ឧសភា ២០២០ | ព័ត៌មានជាតិ

កងកម្លាំងរក្សាសន្តិភាពកម្ពុជាដែលបញ្ចប់បេសកកម្មនៅសាធារណៈរដ្ឋម៉ាលី ហើយវិលមកកាន់កម្ពុជាវិញ ក្នុងខែកក្កដា និងខែសីហាខាងមុខ នឹងត្រូវតាមដានសុខភាពដោយដាក់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ហើយមានការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញថាគ្មានជំងឺកូវីដ១៩ទើបអនុញ្ញាតអោយត្រឡប់ទៅផ្ទះជួបជុំគ្រួសារ។ ការដាក់អោយនៅដាច់ដោយឡែកនេះ ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

 


ការប្តូរវេនកងកម្លាំងរក្សាសន្តិភាពកម្ពុជាដែលបញ្ចប់បេសកកម្មនៅសាធារណៈរដ្ឋម៉ាលី នឹងប្រព្រឹត្តទៅក្នុងខែកក្កដា និងខែសីហាខាងមុខ។ បើតាមអគ្គនាយករង និងជាអ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសំអាត គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ លោកជំទាវឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា បានបញ្ជាក់ថា ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កងកម្លាំងដែលត្រូវប្តូរវេនទាំងនោះ នឹងត្រូវតាមដានសុខភាពដោយដាក់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ហើយមានការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញថាគ្មានជំងឺកូវីដ១៩ទើបអនុញ្ញាតអោយត្រឡប់ទៅផ្ទះជួបជុំគ្រួសារ។


លោកជំទាវឧត្តមសេនីយ៍ទោ បានបន្ថែមថា មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បានជ្រើសរើសយកទីតាំងសាលាហ្វឹកហ្វឺកកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ ដោយបានត្រៀមរៀបចំអាគារស្នាក់នៅដាច់ដោយឡែក និងក្រុមពេទ្យជំនាញសម្រាប់តាមដានសុខភាពកងកម្លាំងទាំងអស់ផងដែរ។

 


គួរបញ្ជាក់ថា កម្លាំងមួកខៀវកម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី មានប្រមាណ៣០០នាក់ ដោយមានការបែងចែកទៅតាមចំនួន៦តំបន់បេសកកម្មផ្សេងៗគ្នា។


ដោយឡែក កងកម្លាំងរក្សាសន្តិភាពកម្ពុជាដែលបញ្ចប់បេសកកម្មនៅសាធារណៈរដ្ឋម៉ាលី នឹងត្រូវប្តូរវេន 
ចាប់ពីថ្ងៃទី០៦រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សម្រាប់កងកម្ទេចគ្រឿងផ្ទុះEOD និងចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ សម្រាប់កងវិស្វកម្មព្រលានយន្តហោះ Airfield Eng ៕

 

អត្ថបទ៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024