ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ចង់ឃើញគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ សម្រេចទៅលឿន

០៣ ​វិច្ឆិកា ២០២០ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា បង្ហាញពីការគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល លើគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដោយអះអាងថា វត្តមានមជ្ឈមណ្ឌលមួយនេះ នឹងធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជា មានការអភិវឌ្ឍន៍កើនឡើង ថែមមួយកម្រិតទៀតនៅឆ្នាំខាងមុខ។

 


លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានប្រាប់ភីអិនអិននៅថ្ងៃនេះថា ក្រុមហ៊ុនវិស័យឯកជនពិតជាគាំទ្រ និងចង់ឲ្យគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញចេញឲ្យបានកាន់តែឆាប់កាន់តែល្អ ស្របទៅនឹងសន្ទុះនៃការរីកចម្រើនវិស័យដឹកជញ្ជូនក្នុងបរិកាបច្ចុប្បន្នក៏ដូចជានៅអំឡុងពេលក្រោយពីជំងឺកូវីដ ១៩ ត្រូវបានបញ្ចប់ទៅវិញដោយគិតថាវិស័យដឹកជញ្ជូននឹងមានសកម្មភាពស្ទុះខ្លាំងជាងមុន។

 


លោកបញ្ជាក់ថា មជ្ឈមណ្ឌលនេះពិតជាសំខាន់និងចាំបាច់ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញកាន់តែងាយស្រួល និងឆាប់រហ័ស ខណៈនៅក្នុងមជ្ឈមណ្ឌលនេះមានការប្រមូលផ្តុំទាំងសេវាកម្មក្រុមហ៊ុន និងការបំពេញបែបបទរដ្ឋបាលផ្សេងៗក៏ស្ថិតនៅមួយកន្លែង។

 

 

ជុំវិញនឹងគម្រោងបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះដែរត្រូវបានរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាកំពុងពន្លឿនការត្រួតពិនិត្យដើម្បីសម្រេចផងដែរ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទី ២ ដើម្បីពិនិត្យលើ ការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ។

 


ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា កិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុន YCH ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់ ហើយដែល នឹងត្រូវកែសម្រួលឡើងវិញបន្ទាប់ពីទទួលបានធាតុចូលបន្ថែមទៀតពីអង្គប្រជុំ ធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារ និងវិសាលភាពឆ្លើយតបទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀង ព្រមទាំងផ្ដល់ប្រយោជន៍ដល់ជាតិមាតុភូមិ។

 


ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញធ្វើឡើង ស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ទាក់ទងនឹងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម និងរួមចំណែកយ៉ាងសកម្មក្នុងលើសកម្ពស់ការប្រកួតប្រជែងលើវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។


សូមជម្រាបថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដែលគ្រោងនឹងបង្កើតឡើងនេះលាតសន្ធឹងលើផ្ទៃដីជិត ១០០ហិកតាដែលជាទីតាំងយុទ្ធសាស្ដ្រមួយតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅក្នុងខេត្តព្រះសីហនុ និងផ្លូវដែកភាគខាងជើងដែលចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែតព្រំដែនប្រទេសថៃ។

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024