ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាកចំនួន ៤ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក

២៧ តុលា ២០២០ | ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាសទាំងអស់ អនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល ៤ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ចាប់ពីថ្ងៃទី៣០វិច្ឆិកា ខាងមុខ។

 


បើតាមលិខិតជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្មករនយោជិតទាំងអស់ ត្រូវបានអនុញ្ញាត ឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល៤ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុក គឺចាប់ពីថ្ងៃទី៣០.៣១. ០១និងថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២០ ជំនួសឲ្យថ្ងៃទី០១ដែលត្រូវចំថ្ងៃអាទិត្យ។

 


ក្នុងលិខិតចុះហត្ថលេខាងដោយរដ្ឋមន្ត្រីក្រសួងការងារឯកឧត្ដម អ៊ិត សំហេង បានគួសបញ្ជាក់ទៀតថា ចំពោះរោងចក្រសហគ្រាសណា ដែលមានកម្មវត្ថុអាជីវកម្មចរិតលក្ខណៈជាសកលត្រូវប្រព្រឹត្តជាប្រចាំ មិនអាចបញ្ឈប់សកម្មភាពបាន ម្ចាស់ឬនាយករោងចក្រសហគ្រាស ត្រូវរៀបចំបែងចែកអោយកម្មករនយោជិតបានឈប់សម្រាកតាមកាលបរិច្ឆេទខាងលើដោយផ្លាស់ប្ដូរវេណគ្នា។

 


ក្នុងករណី មានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស អនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់ ឬ សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសរបស់ក្រសួង។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

 


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។ ការសម្រេចនេះធ្វើឡើងតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។ ទោះបីជាក្នុងលិខិតបានបញ្ជាក់ពីមូលហេតុនៃការសម្រេចផ្អាកប្រារព្ធព្រះរាជពិធីជាព្រះរាជប្រវេណីរបស់ខ្មែរក៏ពិតមែន ប៉ុន្តែឯកឧត្ដម ប៊ូ ជុំសិរី មន្ត្រីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិបានអោយដឹងថា គឺដើម្បីចូលរួមទប់ស្កាត់ជំងឺសកលកូវីត១៩ ព្រោះពិធីបុណ្យនេះ គឺមានការប្រមូលផ្តុំច្រើន ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩៕

អត្ថបទ៖ សំ ជំនាញ, រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024