ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

គណបក្សប្រឆាំងថៃប្រាប់នាយករដ្ឋមន្ត្រីអោយលាលែងតំណែងនៅអំឡុងពេលកិច្ចពិភាក្សាក្នុងសភា

 

 

 

គណបក្សប្រឆាំងធំបំផុតរបស់ប្រទេសថៃ នៅថ្ងៃច័ន្ទនេះបានស្នើសុំអោយលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា លាលែង ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ។ សំណើរពីក្រុមប្រឆាំងអោយលោក ប្រាយុទ្ធ ចាន់អូចាលាលែងតំណែងនេះ បានធ្វើឡើង នៅក្នុងអំឡុងពេលសភាបើកសម័យប្រជុំពិសេសដែលលោកប្រាយុទ្ធបានស្នើឡើងដើម្បីពិភាក្សាពីបញ្ហាបាតុកម្ម។

 

 

បាតុកម្មជាច្រើនដែលដឹកនាំដោយក្រុមសិស្សសាលាដែលចាប់ផ្តើមដំបូងឡើយជាការទាមទារអោយលោកប្រាយុទ្ធលាលែងតំណែង និងសុំរដ្ឋធម្មនុញ្ញថ្មី បានវិវត្តន៍ប្រែក្លាយទៅជាបាតុកម្ម មួយដែលផ្តោតទៅលើមហាក្សត្រថៃផងដែរ។ គេឃើញថា ក្រុមបាតុករ បានអំពាវ នាវអោយមានការកែទម្រង់ដើម្បីកាត់បន្ថយអំណាចនិងឥទ្ធិពលរបស់មហាក្សត្រថៃ មហា វាជិរ៉ាឡុងកន។

 

 

លោក សមពុង អាមនវិវ៉ាត(Sompong Amornvivat) មេដឹកនាំគណបក្សប្រឆាំងភឿថៃ ដែលជាគណបក្សធំបំផុតតែមួយគត់នៅក្នុងសភា បានលើកឡើងថា« នាយករដ្ឋមន្ត្រីជាឧបសគ្គដ៏ធំមួយ ហើយជាបន្ទុករបស់ប្រទេសជាតិ។ សូមមេត្តាលាលែងតំណែង ហើយគ្រប់យ៉ាង នឹងបញ្ចប់ដោយល្អ»។

 

 

លោកប្រាយុទ្ធ បានស្នើអោយបើកសម័យប្រជុំសភានៅសប្តាហ៍នេះ បន្ទាប់ពីលោកប្រកាសដកច្បាប់ប្រទេសក្នុងគ្រាអាសន្ន ដែលជាច្បាប់មួយមានបំណងបញ្ចប់បាតុកម្ម ប៉ុន្តែច្បាប់នេះ កាន់តែធ្វើអោយមហាជនមានកំហឹងកាន់តែខ្លាំងឡើងទៅវិញ ហើយកាន់តែធ្វើអោយពលរដ្ឋថៃរាប់ពាន់នាក់ចេញមកតវ៉ានៅតាមផ្លូវក្នុងទីក្រុងបាងកក។

 

 


លោកប្រាយុទ្ធ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃនៅឆ្នាំ២០១៤ ក្រោយទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយ៉ីងឡាក់ ស៊ីណាវ៉ាត់ចេញពីតំណែង។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024