ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារប្រកាសបើកប្រាក់ឧបត្ថម្ភលើកទី៣៥ និងលើកទី៣៦ ជូនកម្មករជាង ១៦ពាន់នាក់

២៦ តុលា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិតជាង ១៦ ០០០នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៩៦ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍។ កម្មករនិយោជិតទាំងនេះ ត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ 

 


ក្នុងចំណោមបងប្អូនកម្មករទាំង១៦,៦៨១នាក់ មកពីរោងចក្រសហគ្រាសទាំង៩៦ ដែលព្យួរការងារនេះ គឺវិស័យកាត់ដេរ និងវិស័យទេសចរណ៍។ មិនខុសពីសព្វដង ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនឹងត្រូវបើកផ្តល់ ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ដោយកម្មករនយោជិតទទួលបានចាប់ពី១៥ដុល្លារដល់៤០ដុល្លារអាម៉េរិក។


ក្រសួងការងារបញ្ជាក់ទៀតថា ប្រសិនជាបងប្អូនមិនបានទៅបើកប្រាក់ក្នុងការកំណត់១០ថ្ងៃបន្ទាប់ពីបានទទួលសារតាម ទូរសព្ទពីធនាគារឯកទេសវីងទេនោះ ធនាគារនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបាន សារនោះទៅ កាន់ភ្នាក់ងារវីង និងមិនតម្រូវឱ្យបង់ថ្លៃសេវាអ្វីឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

 


ក្នុងករណី បងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង៩៦នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារ ឯកទេសវីងទេនោះ កម្មករនយោជិតអាចសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាល រោងចក្រសហគ្រាសរបស់ខ្លួនជាបន្ទាន់។


បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារ គិតចាប់ពីខែកុម្ភៈ រហូតដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនលានដុល្លារហើយ បើកជូនដល់បងប្អូនកម្មករនយោជិតក្នុងវិស័យវាយនភណ្ឌ និងទេសចរណ៍ ដែលត្រូវបានព្យូរកិច្ចសន្យាការងារដោយសារតែឥទ្ធិពលវិបត្តិកូវីត១៩។ បន្ទាប់វិបត្តិជំងឺសកលកូវីត១៩ បានធ្វើអោយការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែែកជើងពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកមានការធ្លាក់ចុះ រោងចក្រកាត់ដេរមួយចំនួនបានព្យូរកិច្ចសន្យាការងារដល់កម្មករនយោជិត។

 


ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងការងារឯកឧត្ដម ហេង សួរ បច្ចុប្បន្នរោងចក្រដែលបានព្យូរការងារជាប្រចាំថ្ងៃមានការថយចុះច្រើន បើប្រៀបធៀបទៅនឹងខេមេសា ឧសភា និងមិថុនាកន្លងទៅ។ ចំណែក កម្មករនយោជិត ដែលត្រូវបានព្យូរកិច្ចសន្យាការងារនៅសល់តែប្រមាណ៥ម៉ឺននាក់ ដែលមានការធ្លាក់ចុះដូចគ្នា។ រាជរដ្ឋាភិបាលភិបាលកម្ពុជា នៅតែបន្តគិតគួរដល់ជីវភាពកម្មករនយោជិតដោយផ្ដល់ប្រាក់ឧបត្តមជាបន្តបន្ទាប់រហូតទាល់តែមានសេចក្ដីសម្រេចថ្មី។

 


សូមបញ្ជាក់ថា កន្លងមកប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាចំនួន ៨០០-២០០០លានដុល្លារ រួចជាស្រេច ដើម្បីទប់ទល់នូវវិបត្តិកូវីដ១៩ រយៈពេលវែង ។ ហើយរាជរដ្ឋាភិបាលនៅតែបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនយោជិតដែលរងការព្យូរកិច្ចសន្យាការងាររហូតទាល់តែមានសេចក្ដីសម្រេចជាថ្មី៕

អត្ថបទ៖ សំ ជំនាញ រូបភាព៖ និន សុខលី និងរូបឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024