ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ពូទីនច្រានចោលការរិះគន់របស់លោកដូណលត្រាំចំពោះអាជីវកម្មគ្រួសារលោកបៃឌិន

 

 

 

លោកប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀរពូទីន នៅថ្ងៃអាទិត្យបាននិយាយថា លោកមិនឃើញមានអ្វីជាបទឧក្រិដ្ឋឡើយនៅក្នុងពាណិជ្ជកម្មកាលពីពេលកន្លងទៅរបស់លោកហាន់ថើ បៃឌិន ជាមួយប្រទេសអ៊ុយក្រែន ឬប្រទេសរុស្ស៊ី។ ការពោលនេះរបស់លោកពូទីន បានបង្ហាញពីការមិន​ឯកភាពរបស់លោកជាមួយនឹងការលើកឡើងបែបវាយប្រហាររបស់លោកប្រធានាធិបតីអាមេរិកដូណល ត្រាំ នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក។

 

 

នេះជាការឆ្លើយតបទៅនឹងការលើកឡើងជាច្រើនរបស់លោកត្រាំ ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទួរទស្សន៍ជាមួយនឹងដៃគូប្រកួតប្រជែងគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន ដែលធ្វើឡើងសម្រាប់ការបោះឆ្នោតប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃទី៣វិច្ឆិកាខាងមុខ។

 


លោកត្រាំ បានប្រើប្រាស់វេទិកាពិភាក្សាដេញដោល ធ្វើការចោទប្រកាន់ថា លោកបៃឌិន និងកូនប្រុសលោកហាន់ថើ ថា មានការជាប់ពាក់ព័ន្ធទៅនឹងការអនុវត្តន៍ដែលពុំត្រឹមត្រូវតាមសីលធម៌នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែគេបានឃើញថា ការលើកឡើងរបស់លោកត្រាំ មិនមានភស្តុតាងគាំទ្រឡើយ ហើយការចោទប្រកាន់នេះត្រូវបានលោកបៃឌិន ហៅថាជាការកុហស និងជាការនិយាយបង្ខូច។

 

 

លោកប្រធានាធិបតីរុស្ស៊ីពូទីនដែលធ្លាប់លើកសរសើរលោកត្រាំកាលពីពេលកន្លងទៅដែលលោកត្រាំថាលោកចង់មានទំនាក់ទំនងល្អប្រសើរជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូនោះ បាននិយាយរុស្ស៊ីនឹងធ្វើការជាមួយគ្រប់មេដឹកនាំអាមេរិក ហើយស្របគ្នាលោកបានកត់សម្គាល់ថា លោកចូបៃឌិន ជាអ្នកមានវោហារសាស្ត្រប្រឆាំងរុស្ស៊ីដ៏មុតស្រួច។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024